(លីវើភូល)៖ ខ្សែការពារ Virgil van Dijk បានកំពុងជជែកគ្នាពីកិច្ចសន្យាថ្មីជាមួយហង្សក្រហម Liverpool ស្របពេលកិច្ចសន្យាចាស់រយៈពេល ៦ឆ្នាំ នឹងអស់សុពលភាពនៅបំណាច់រដូវកាលឆ្នាំ២០២៤-២០២៥ ដ៏ខ្លីខាងមុខនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមហង្សក្រហមរូបនេះបាននិយាយថា រូបគេបានកំពុងពិភាក្សាពីកិច្ចសន្យាថ្មីលេងនៅ Anfield។
លោកថា «កិច្ចពិភាក្សាបានកំពុងដំណើរការ។ ពួកយើងនឹងមើលឃើញថា នឹងមានអ្វីកើតឡើងនៅពេលអនាគត។ បច្ចុប្បន្នខ្ញុំគ្មានគិតអ្វីផ្សេង ក្រៅពីផ្តោតការលេងឱ្យ Liverpool និងឈ្នះការប្រកួតបន្ថែមទៀតប៉ុណ្ណោះ»។
ក្រៅពីខ្សែការពារកណ្តាល Van Dijk ក៏នៅមានមិត្តរួមក្រុម Trent Alexander-Arnold និងខ្សែប្រយុទ្ធ Mohamed Salah ក៏នឹងអស់សុពលភាពកិច្ចសន្យាជាមួយ Liverpool នៅបំណាច់រដូវកាលនេះដែរ ដោយមិនទាន់ធ្វើបច្ចុប្បន្នណាមួយឡើយ រហូតមកទល់ពេលនេះ។
នៅចាំបានថា ខ្សែការពារកណ្តាលអន្តរជាតិហូឡង់ វ័យ ៣៣ឆ្នាំ Virgil van Dijk បានផ្លាស់ចេញពីក្លិបរួមលីគ Southampton នាអំឡុងខែមករា ឆ្នាំ២០១៨ ជាមួយតម្លៃបំបែកកំណត់ត្រាផងដែរ ពោលគឺ ៧៥លានផោនថ្លៃជាងគេនាពេលនោះ៕