(បរទេស)៖ ម្ចាស់ជើងឯកពាន US Open កីឡាការិនីតេន្នីស Aryna Sabalenka បានឡើងទៅឈរទីកំពូលតារាងចំណាត់ថ្នាក់ពិភពលោក ជំនួសកៅអី Iga Swiatek ដែលឈរនៅចំណាត់ថ្នាក់លេខ១ មានរយៈពេល ១១ខែមកនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តំណែងកំពូលពិភពលោកនេះដែរ វាគឺជាលើកទី២ ផងដែរសម្រាប់កីឡាការិនីអាជីពរបស់បែលឡារុសរូបនេះ ដោយកាលពីលើកទី១ មានរយៈពេលត្រឹមតែ ៨សប្តាហ៍ប៉ុណ្ណោះនៅចន្លោះខែកញ្ញា និងវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីនាងដណ្តើមបានពាន Australian Open នាខែមករានៅប្រទេសអូស្រ្តាលី។
ការធ្លាក់ចំណាត់ថ្នាក់ពីលេខ១ មកលេខ២ កម្រិតពិភពលោកវិញនេះដែររបស់ Swiatek នៅពេលកីឡាការិនីអន្តរជាតិប៉ូឡូញរូបនេះ បានបរាជ័យក្នុងកម្មវិធី WTA 500។
កីឡាការិនីវាយទោល វ័យ ២៣ឆ្នាំ ដែលទើបរកបានគ្រូបង្វឹកថ្មីនាដើមខែតុលានេះបានចូលរួមតែ ២កម្មវិធីប៉ុណ្ណោះ គិតចាប់តាំងពីអវត្តមានពាននៅអាមេរិក US Open នាអំឡុងខែកញ្ញា ឆ្នាំ២០២៤ ជាមួយនឹងការដកខ្លួនពីព្រឹត្តិការណ៍ Asian Tour ថែមទៀតផង។
យ៉ាងណាក៏ដោយ Swiatek នៅមានឱកាសដណ្តើមយកចំណាត់ថ្នាក់លេខ១ ពិភពលោកពីកីឡាការិនីវ័យ ២៦ឆ្នាំ Sabalenka វិញ ប្រសិនបើនាងឈ្នះជើងឯកពាន WTA Finals នាខែក្រោយនេះនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕