(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Qualcomm បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនកំពុងនាំយកបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងដំបូងសម្រាប់បន្ទះឈីបកុំព្យូទ័រយួរដៃ ទៅកាន់ទូរសព្ទចល័ត ក្នុងគោលបំណងផ្តល់ថាមពលទូរស័ព្ទឲ្យកាន់តែខ្លាំងសម្រាប់ការងារ AI ជំនាន់ថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង San Diego មួយនេះ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនលក់បន្ទះឈីបទូរស័ព្ទធំបំផុតរបស់ពិភពលោក។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុននេះនៅឆ្នាំ២០២១ បានជួលក្រុមអតីតវិស្វកររបស់ក្រុមហ៊ុន Apple មកជួយរចនាបន្ទះឈីបសម្រាប់កុំព្យូទ័រយួរដៃដែលបានដាក់លក់នៅឆ្នាំ២០២៤នេះ ហើយកំពុងជួយផ្តល់ថាមពលដល់មុខងារ AI នៅក្នុងក្រុមហ៊ុន Microsoft សម្រាប់កម្មវិធី Windows ផងដែរ។ បច្ចេកវិទ្យានេះជាសំណុំនៃបច្ចេកវិទ្យាកុំព្យូទ័រផ្ទាល់ខ្លួនរបស់ Qualcomm មានស្លាកសញ្ញា «Oryon» ហើយពេលនេះកំពុងត្រូវបានដាក់ចូលទៅក្នុងបន្ទះឈីបទូរស័ព្ទរបស់ក្រុមហ៊ុនជាលើកដំបូង។
លោក Chris Patrick អនុប្រធានជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រងទូទៅរបស់ Qualcomm សម្រាប់ទូរសព្ទចល័តបានប្រាប់រ៉យទ័រថា «AI គឺជាផ្នែកមួយដែលខ្ញុំគិតថា Google កំពុងដំណើរការយ៉ាងលឿន ប៉ុន្តែយើងមានបច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់យើងដើម្បីផ្តល់ជូនអ្នកអភិវឌ្ឍន៍» ។ Qualcomm បានប្រកាសថា Samsung Electronics, Asustek Computer និង Xiaomi គឺស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលនឹងប្រើបន្ទះឈីបថ្មីរបស់ខ្លួន៕