(ឡុងដ៍)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក Walt Disney បានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួននឹងតែងតាំងនាយកប្រតិបត្តិថ្មី នៅដើមឆ្នាំ២០២៦ ហើយបានតែងតាំងលោក James Gorman ជាប្រធានថ្មី នៃក្រុមហ៊ុនរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
លោក Gorman ដែលជាប្រធានប្រតិបត្តិក្រុមហ៊ុន Morgan Stanley នោះ នឹងលាលែងពីតំណែងនេះ នៅដំណាច់ឆ្នាំ២០២៤ ហើយនឹងចូលកាន់តំណែង នៅក្រុមហ៊ុន Disney នៅខែមករា ឆ្នាំក្រោយ។
លោក Gorman នឹងស្នងតំណែងលោក Mark Parker ដែលនឹងចាកចេញពីតំណែង បន្ទាប់ពីបម្រើការងារនៅក្រុមហ៊ុនខ្នាតយក្សអាម៉េរិកនេះ អស់រយៈពេល៩ឆ្នាំ។
លោក Gorman ដែលបច្ចុប្បន្ន ជាប្រធានគណៈកម្មាធិការរៀបចំផែនការបន្ត របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Disney នោះ, កំពុងធ្វើការដើម្បីជ្រើសរើស CEO ថ្មីរបស់ខ្លួន។
ដោយឡែក លោក Bob Iger បានវិលត្រឡប់មកក្រុមហ៊ុន Disney វិញ ក្នុងតួនាទីជា CEO កាលពីខែវិច្ឆិកា ឆ្នាំ២០២២, តិចជាង១ឆ្នាំ បន្ទាប់ពីលោកបានចូលនិវត្តន៍ ដើម្បីកែលម្អក្រុមហ៊ុន ក្រោយពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានបណ្តេញអ្នកស្នងតំណែង ដែលលោកបានជ្រើសរើសដោយផ្ទាល់ដៃរបស់លោក គឺលោក Bob Chapek ឱ្យចេញពីតំណែង។
លោក Iger ដំបូងឡើយ គ្រោងនឹងកាន់តំណែងរយៈពេល២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានបន្តអាណត្តិរបស់លោក រហូតដល់ឆ្នាំ២០២៦៕