(ភ្នំពេញ)៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកការចូលនិវត្តន៍របស់អ្នកលើកបាល់ (អ្នកប៉ះសេ) ដ៏ឆ្នើមនៃក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ គឺជាការបាត់បង់គ្រាប់ពេជ្រដ៏ល្អ និងអាចប៉ះពាល់ដល់ក្រុមជម្រើសជាតិ ក៏ដូចជាក្លិប។ យ៉ាងណាលោកសង្ឃឹមថា អ្នកបន្ដវេននឹងខំប្រឹង ដើម្បីពួតដៃគ្នារក្សានូវកេរ្ដិ៍ និងកិត្យានុភាពវិស័យបាល់ទះកម្ពុជា។
នេះបើតាមការគូសបញ្ជាក់ក្នុងកម្មវិធីចូលនិវត្តន៍ និងទទួលទានអាហារសាមគ្គីជូនកីឡាករបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីប្រធានក្រុមរូបនេះបានសម្រេចចូលនិវត្តន៍ជាផ្លូវការកាលពីថ្មីៗ ក្រោមមូលហេតុសំខាន់ៗមួយចំនួន ដូចជាបញ្ហាសុខភាព (ឈឺចង្កេះ ខ្នង និងជង្គង់) និងលើសទម្ងន់ជាដើម ក៏ដូចជាការចង់ផ្ដល់ឱកាសដល់កីឡាករវ័យក្មេងជំនាន់ក្រោយផងដែរ។
ថ្នាក់ដឹកនាំសហព័ន្ធខាងលើបានចាត់ទុក សួន ចាន់ណារ៉ូ គឺជា Legend និងជា Key Player ក្នុងក្រុមជម្រើសជាតិ បន្ទាប់ពីកីឡាករវ័យ ២៩ឆ្នាំរូបនេះ បានរួមចំណែកកែប្រែមុខមាត់ និងបង្កើតប្រវត្តិសាស្ដ្រក្នុងវិស័យបាល់ទះកម្ពុជា ដោយក្នុងនាមប្រធានក្រុម រូបគេបានកែប្រែនូវកំហុសឆ្គង និងដឹកនាំក្រុម រហូតដណ្ដើមបានមេដាយសំរឹទ្ធជាប្រវត្តិសាស្ដ្រ ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដឈ្នះមេដាយប្រាក់ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបន្ដថា «ការបាត់បង់ សួន ចាន់ណារ៉ូ ប្រៀបបានការបាត់បង់គ្រាប់ពេជ្រដ៏ល្អ ហើយយើងសង្ឃឹមជឿជាក់ថា នៅថ្ងៃអនាគត យុវជន និងកីឡាករបន្ដវេន នឹងប្រែងប្រែងយកអ្វីដែលជាចំណុចពិសេសរបស់ សួន ចាន់ណារ៉ូ មកអភិវឌ្ឍចំណេះជំនាញខ្លួនឯងឲ្យមានភាពល្អប្រសើរ»។ លោកថា «បើសួរថា ការចូលនិវត្តន៍នេះប៉ះពាល់ដល់ក្រុមជម្រើសជាតិឬអត់? គឺប៉ះពាល់ ព្រោះកម្រិតអ្នកលើកបាល់ដៃទី២ របស់យើងមកដល់បច្ចុប្បន្ន មិនអាចវាស់ស្ទង់ ប្រៀបធៀបជាមួយ សួន ចាន់ណារ៉ូ បានទេ ប៉ុន្ដែ ១ឆ្នាំ ឬ ២ឆ្នាំតទៅមុខទៀត យើងនឹងមានយុវជនបន្ដវេនមកជំនួសហើយ»។
យ៉ាងណាមិញថ្នាក់ដឹកនាំសហព័ន្ធសង្ឃឹមថា ក្រោយចូលនិវត្តន៍ សួន ចាន់ណារ៉ូ នឹងយកចំណេះជំនាញរបស់ខ្លួន ទៅបណ្ដុះបណ្ដាលលើវិស័យបាល់ទះ ឬអាចធ្វើជាគ្រូបង្វឹក ទាំងក្លិប ក៏ដូចជាជម្រើសជាតិ។ មួយវិញទៀត បើសិន ចាន់ណារ៉ូ អាចព្យាបាលជំងឺ (របួស) បានល្អប្រសើរ ហើយអាចសម្រកគីឡូបានទៀតនោះ សហព័ន្ធក៏នៅតែបើកឱកាសសម្រាប់អ្នកប៉ះសេឆ្នើមរូបនេះត្រឡប់មកជួយក្រុមជម្រើសជាតិវិញផងដែរ។
អនុប្រធានសហព័ន្ធដដែលបន្ដថា «ជម្រើសជាតិយើងនៅតែបើកឱកាស និងត្រូវការគាត់ (សួន ចាន់ណារ៉ូ ព្រោះកដល់ម៉ោងនេះ សំណួរសួរថា រកឃើញអ្នកបន្ដវេនឬនៅ? ជាទូទៅក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត លោកតែងតែព្យាករថ្ងៃអនាគត ជាក់ស្ដែងអ្នកលើកបាល់ល្អដែលយើងមាន បើកើត គឺកើតហើយ។ អ៊ីចឹងត្រូវមានជំនួសមកវិញនូវកីឡាករវ័យក្មេង ដូចជាកីឡាករវ័យក្មេង កែវ ស្រេងលីហួរ និងកីឡាករនៅស្នងការ ដែលយើងគិតថា ពួកគាត់នឹងល្អប្រសើរនាថ្ងៃអនាគត គ្រាន់តែបច្ចុប្បន្នពួកគាត់នៅក្មេង ស្ទើរបទពិសោធន៍ តែ ១ឆ្នាំ ឬ ២ឆ្នាំ ខ្ញុំជឿជាក់គាត់នឹងអភិវឌ្ឍន៍ជំនាញរបស់គាត់កាន់តែប្រសើរ។ អ៊ីចឹងនៅថ្ងៃអនាគត យើងមិនឲ្យកេរ្ដិ៍ឈ្មោះ កិត្យានុភាពវិស័យកីឡាបាល់ទះកម្ពុជារបស់យើងធ្លាក់ចុះទេ យើងត្រូវតែនាំគ្នាពង្រឹងបន្ថែមទៀត»។
គួរដឹងថា សួន ចាន់ណារ៉ូ បានប្រឡូកអាជីពបាល់ទះ តាំងពីឆ្នាំ២០១៣។ រយៈពេល ១១ឆ្នាំមកនេះ គេបានចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិជាច្រើន រហូតត្រូវបានទទួលស្គាល់សមត្ថភាព ទាំងក្នុង និងក្រៅប្រទេស។ ក្នុងចំណោមស្នាដៃជាច្រើន អ្វីដែលធ្វើឲ្យអ្នកគាំទ្របាល់ទះកម្ពុជា ចងចាំមិនភ្លេចនោះ គឺការរួមចំណែកធ្វើឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្លាយជាបន្លាក្នុងភ្នែករបស់បណ្ដាក្រុមក្នុងតំបន់ បន្ទាប់ពីបើកទំព័របប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធលើកដំបូង ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម ហើយបន្ដដណ្ដើមបានមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក៏ដូចបានចូលប្រកួតកីឡាអាស៊ី ជាថ្មី ក្រោយខកខានជាង ៥០ឆ្នាំ និងការជួយឲ្យកម្ពុជា បានកៅអីប្រកួតជើងឯក SEA V-League 2025 ជាលើកដំបូងជាដើម៕