(បរទេស)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook បានប្រកាសថាខ្លួននឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ «celeb-bit»។ ប្រកាសនេះ ធ្វើឡើងបន្ទាប់ពី Meta បានដកចេញមុខងារនេះអស់រយៈពេល ៣ឆ្នាំ ដោយសារការព្រួយបារម្ភអំពីឯកជនភាព និងសម្ពាធបទបញ្ញត្តិ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
«celeb-bit» គឺជាការបោកប្រាស់ម្យ៉ាងដែលយករូបភាពតារាល្បីៗ ឬបុគ្គលសាធារណៈ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យចុចលើការផ្សាយពាណិជ្ជកម្មក្លែងបន្លំនោះ ហើយបន្ទាប់មកលួចចូលយកព័ត៌មានផ្ទាល់ខ្លួន ឬលួចចូលគណនីធនាគារអ្នកប្រើប្រាស់ជាដើម។
Meta បាននិយាយថា ជាជំហ៊ានដំបូងនៅក្នុងផែនការនេះ ខ្លួននឹងជ្រើសរើសគណនីបុគ្គលសាធារណៈប្រហែល ៥០,០០០គណនីនៅក្នុងការសាកល្បង ដោយក្នុងនោះរួមមានការប្រៀបធៀបរូបថតប្រវត្តិរូប Facebook របស់ពួកគេ ជាមួយនឹងរូបភាពដែលប្រើប្រាស់នៅក្នុងការផ្សាយពាណិជ្ជកម្ម ដែលសង្ស័យថាជាករណី scam។ ប្រសិនបើរូបភាពត្រូវគ្នា ហើយរកឃើញថាវាជាពាណិជ្ជកម្មកែ្លងបន្លំនោះ Meta នឹង Block ដោយស្វ័យប្រវត្តិតែម្តង។ Meta បានបញ្ជាក់ថា តារាល្បីៗ និងបុគ្គលសាធារណៈដែលបានជ្រើសរើសក្នុងការតេស្តសាកល្បងនេះ ក្រុមហ៊ុននឹងជូនដំណឹងជាមុន ហើយអាចបដិសេធបានប្រសិនបើពួកគេមិនចង់ចូលរួម។
គួរជម្រាបថា ក្រុមហ៊ុន Meta គ្រោងនឹងចាប់ផ្តើមការសាកល្បងជាសាកលចាប់ពីខែធ្នូ ឆ្នាំ២០២៤ នេះតទៅ ដោយមិនរាប់បញ្ចូលយុត្តាធិការធំៗមួយចំនួន ដែលខ្លួនមិនមានបទប្បញ្ញត្តិដូចជាចក្រភពអង់គ្លេស សហភាពអឺរ៉ុប កូរ៉េខាងត្បូង រដ្ឋតិចសាស់ និង រដ្ឋ Illinois សហរដ្ឋអាមេរិកនោះទេ៕