(សៀមរាប)៖ សិក្ខាកាមចំនួន២០រូបជាមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើវគ្គបណ្តុះបណ្តាលស្តីពីជំនាញអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ ចំនួន៣ថ្ងៃ កាលពីពេលកន្លងទៅថ្មីៗនេះ។
វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងតាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ជូនដល់អ្នកដែលធ្វើការផ្នែកអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ មកពីនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្ទេរចំណេះដឹង និងជំនាញពាក់ព័ន្ធ នឹងមូលដ្ឋានគ្រឹះពិនិត្យដីភាជន៍ បច្ចេកទេសផលិតភាជន៍ ដុតភាជន៍ ពិនិត្យសីតុណ្ហភាព និងប្រភពព័រសឺឡែន ព្រមទាំងការងារអភិរក្សមួយចំនួនទៀត ដែលទាក់ទងនិងបច្ចេកទេសអភិរក្សភាជន៍ជាដើម៕