(ភ្នំពេញ)៖ កីឡាករយុវជនកម្ពុជា ២៣នាក់ បានទទួលចំណេះដឹង និងបំនិនជីវិតជាច្រើន បន្ទាប់ពីត្រូវបានជ្រើសរើសចូលរួមហ្វឹកហាត់ជាមួយគ្រូបង្វឹកមកពីក្លិប Tottenham Hotspur (Spurs) នៅកោះសាមុយ ប្រទេសថៃកាលពីថ្មីៗ ដើម្បីអាចក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត។
យុវជនកម្ពុជាដែលមានឱកាសហ្វឹកហាត់ជាមួយគ្រូបង្វឹកមកពីក្លិបលីគកំពូលអង់គ្លេស តាមរយៈកម្មវិធី AIA-Spurs Elite Football Camp កាលពីខែកញ្ញាកន្លងទៅ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងចេញពីកីឡាករសរុបចំនួន ១,៤៨២នាក់ បន្ទាប់ពីពួកគេបានទទួលការហ្វឹកហាត់រយៈពេល ៦ខែនៅកម្ពុជា។
រយៈពេល ៥ថ្ងៃ នៃវគ្គបណ្ដុះបណ្ដាលបាល់ទាត់ខាងលើ គ្រូបង្វឹក Shannon Moloney, Lily Javis និង Josh Tilley ដែលមកពី Spurs បានផ្តល់ឲ្យកុមារ និងយុវជនទាំងអស់ ចាប់យកសមត្ថភាពចាំបាច់ ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោក តាមរយៈការចែករំលែកការយល់ដឹង បទពិសោធន៍ និងគន្លឹះស្ថាបនា ដែលជាទុន ដើម្បីក្លាយជាកីឡាករអាជីព រួមផ្សំលើការកសាងទំនុកចិត្ត ភាពអំណត់អត់ធន់ ការប្តេជ្ញាចិត្ត និងការអភិវឌ្ឍជំនាញទំនាក់ទំនងសង្គមជាដើម។
ក្រៅពីទទួលបានចំណេះពាក់ព័ន្ធនឹងបច្ចេកទេសបាល់ទាត់នេះដែរ កីឡាករវ័យក្មេងកម្ពុជា ក៏បានទទួលនូវបំនិនជីវិតដ៏សំខាន់ តាមរយៈវគ្គសិក្សាលើអត្ថប្រយោជន៍នៃអាហារូបត្ថម្ភ សុខភាពផ្លូវចិត្ត ការស្រលាញ់ និងថែរក្សាបរិស្ថាន ក៏ដូចជាកត្តាចាំបាច់ផ្សេងៗទៀត ដែលជាគ្រឹះទទួលបានសុខភាពល្អ ដើម្បីត្រៀមខ្លួនក្លាយជាកីឡាករអាជីពជាពេលអនាគត។
ក្រោយចូលរួមកម្មវិធីខាងលើ ពិសេសការហ្វឹកហាត់ផ្ទាល់ជាមួយគ្រូបង្វឹកមកពីទ្វីបអឺរ៉ុប បានធ្វើអាណាព្យាបាលរបស់កីឡាករយុវជនកម្ពុជាទាំងអស់ មានក្ដីរីករាយជាខ្លាំង ដ្បិតក្រោយចូលរួមវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ បានធ្វើឲ្យកូនៗរបស់ខ្លួន មិនត្រឹមទទួលបាននូវសុខភាពល្អ ថែមទាំងមានទំនួលខុសត្រូវជាងមុន មានភាពក្លាហាន មានទំនុកចិត្ត និងរាង្គកាយស្វាហាប់ជាងមុនទៀតផង។
បន្ទាប់ពីភាពជោគជ័យក្នុងការជ្រើសរើសយុវជនកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសថៃ អេ អាយ អេ ខេមបូឌា នឹងបន្ដពង្រឹងជំហររបស់ខ្លួន ដោយនឹងពាំនាំនូវកម្មវិធី «AIA-Spurs បាល់ទាត់ដើម្បីសុខភាពកុមារ-ជើងឯកអង្គរ» ទៅកាន់ទឹកដីខេត្តសៀមរាប នាថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ ក្រោមកចិ្ចសហការរៀបចំជាមួយក្លិប Tottenham Hotspur ដោយអនុញ្ញាតឲ្យកុមារអាយុចាប់ពី ៥-១៤ឆ្នាំ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ដើម្បីមានឱកាសហ្វឹកហាត់ផ្ទាល់ជាមួយគ្រូបង្វឹកអភិវឌ្ឍន៍អន្ដរជាតិមកពី Spurs ក៏ដូចជាការប្រកួតផងដែរ។ ចំពោះការចុះឈ្មោះនឹងបញ្ចប់នៅថ្ងៃទី៣១ ខែតុលានេះ៕