(បរទេស)៖ យោងតាមការចេញផ្សាយពី Electrek បានឲ្យដឹងថា ក្រុមហ៊ុន Tesla កំពុងរៀបចំការផលិតរថយន្តម៉ូដែល Y «Juniper» ថ្មីរបស់ខ្លួននៅក្នុងរោងចក្រសៀងហៃប្រទេសចិន នៅថ្ងៃទី២២ ខែតុលានេះ។ ខណៈការផលិតត្រូវបានគេរំពឹងថា នឹងបរិមាណផលិតប្រមាណ ១២គ្រឿងក្នុងមួយថ្ងៃ ហើយ Tesla បានដាក់បម្រាមដល់បុគ្គលិកមិនឲ្យប្រើប្រាស់ទូរស័ព្ទអំឡុងពេលបម្រើការនៅក្នុងសង្វាក់ផលិតកម្មនេះថែមទៀតផង។
យោងតាមរបាយការណ៍ Tesla Model Y ម៉ូដែលថ្មីបាននឹងកំពុងរៀបចំសម្រាប់សង្វាក់ផលិតកម្មជាផ្លូវការណ៍ហើយ។ រថយន្តអគ្គិសនីម៉ូដែលថ្មីនេះទៀតសោត ត្រូវបានគេដឹងថានឹងត្រូវបានបំពាក់ដោយកញ្ចប់ថាមពលថ្មទំហំ 95kWh ហើយអាចមានការរចនាផ្នែកខាងមុខស្រដៀងទៅនឹងម៉ូដែល Tesla Model 3 Highland និងការរចនាភ្លើងខាងក្រោយស្រដៀងនឹងម៉ូដែល Tesla Cybertruck។ វាក៏អាចនឹងមានការតុបតែងជាមួយជម្រើសពណ៌ក្រហមថ្មីផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្តជំនាន់ថ្មីនេះនឹងមិនមានវត្តមានលក់លើទីផ្សារក្នុងឆ្នាំ២០២៤នេះទេ ប៉ុន្តែអាចនឹងមានលក់នៅឆ្នាំ២០២៥។
គួរជម្រាបថា Shanghai Gigafactory គឺជារោងចក្រនៅក្រៅប្រទេសដំបូងគេរបស់ Tesla ហើយរថយន្តទី៣លានរបស់ Tesla ក៏បានត្រូវបានផលិតនៅក្នុងខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រនេះចាប់ពីដើមខែតុលានេះផងដែរ រោងចក្រនេះជាមធ្យមមានសមត្ថភាពផលិតរថយន្តបានមួយគ្រឿងរៀងរាល់ ៣០វិនាទី៕