(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក AMD បានប្រកាសជាផ្លូវការថា ខ្លូននឹងដាក់បង្ហាញបន្ទះឈីបជំនាន់ចុងក្រោយបង្អស់ Ryzen 9000X3D នៅថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខនេះ។ ត្រកូលថ្មីនេះ ត្រូវបានគេរំពឹងថានឹងចេញមកពង្រឹងកេរ្តិ៍ឈ្មោះរបស់ AMD ឱ្យកាន់តែល្បីសុះសាយរន្ទឺនៅក្នុងទីផ្សារ CPU gaming តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា 3D V-Cache។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
បន្ទះឈីប Ryzen 9000X3D គឺជាអ្នកស្នងតំណែងរបស់បន្ទះឈីប Ryzen 7000X3D ជំនាន់មុន ដែលជាបន្ទះឈីបទទួលបានការគាំទ្រខ្លាំងបំផុត។ ម៉ូដែលថ្មីនេះ នឹងត្រូវបានបំពាក់ដោយស្ថាបត្យកម្ម AM5 ដូចទៅនឹងបន្ទះឈីប Ryzen 9000 ធម្មតាដែល ប៉ុន្តែក្រុមហ៊ុន AMD នឹងរួមបញ្ចូលនូវបច្ចេកវិទ្យាពិសេសម្យ៉ាងមានឈ្មោះថា 3D V-cache ព្រមទាំងស្រទាប់ (ឬ Layer) L3 cache ដែលវាមានសមត្ថភាពជួយឱ្យការលេងហ្គេមបានកាន់តែរលូន និង smooth ជាងជំនាន់បន្ទះឈីបណាៗទាំងអស់។
គួរជម្រាបថា ពេលវេលាសម្រាប់ការប្រកាសចេញបន្ទះឈីបជំនាន់ថ្មីនេះ ហាក់ធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើល ខណៈកាលពីបន្ទះឈីបជំនាន់មុនៗ ក៏ដូចជា Ryzen 7000X3D ត្រូវរង់ចាំជាងកន្លះឆ្នាំឯណោះ បន្ទាប់ពីប្រកាសម៉ូដែលស្តង់ដា (ឬ Ryzen 7000) ទើបមកដល់។ ដោយឡែកសម្រាប់ Ryzen 9000X3D នេះវិញ ក្រុមហ៊ុនយក្ស AMD ចាយពេលផលិតតែជាង ៣ខែតែប៉ុណ្ណោះ ពោលគឺបន្ទះឈីបស្តង់ដា Ryzen 9000 ត្រូវបានប្រកាសនៅក្នុងសីហាកន្លងទៅនេះ។ ទាំងនេះ ត្រូវបានគេរំពឹងថា ទំនងជាងបន្ទះឈីប Ryzen 9000 របស់ AMD មិនសូវទទួលបានការគាំទ្រ ដែលនាំឱ្យលទ្ធផលនៃការលក់មិនសូវល្អ ទើបក្រុមហ៊ុនសម្រេចបញ្ចេញជំនាន់ថ្មីមកកែតម្រូវ៕