(ភ្នំពេញ)៖ បើមិនប្លែក មិនថ្មី មិនមែន GANZBERG នោះទេ។ អ្នកគាំទ្រសុំខ្លាចដៃហើយ GANZBERG លេងឈុតធំ ដាក់សុទ្ធតែឈុតគូពិសេសនៅក្នុង មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Euro Championship ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធទាំងជាតិ និងអន្តរជាតិ ជាមួយនឹងការប្រកួតលក្ខណៈពិសេសថ្មីទៀតហើយ។

GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោកបាននាំយកបេក្ខភាព បេក្ខភាពម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ 4MAN Kickboxing រាជសីហ៍គុនខ្មែរ ប្រមូលផ្ដុំសុទ្ធតែ ជើងខ្លាំងនៅលើសមរភូមិគុនខ្មែរក្នុងនោះ មានវត្តមាន កីឡាកររន្ទះជើងវ័យក្មេង ឡុង អាឆើត
,អ្នកលេងរន្ទះជើងពិឃាត ចំរើន គុនខ្មែរ, ប៉ះកំពូលអ្នកលេងជើង ប្រលែងកែង គង់ ហូវ,កំពូលអ្នកលេងកណ្ដាប់ដៃ រិទ្ធី សូសែន។ កីឡាករជើងខ្លាំងទាំងបួននាក់នេះនឹងត្រូវឡើងមកចាប់ឆ្នោត ដើម្បីស្វែងរកដៃគូប៉ះគ្នាក្នុងជុំ១ ដើម្បីជម្រុះយកជើងខ្លាំងតែពីររូបគត់ឡើងទៅប្រកួតវគ្គផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់ដ៏ធំ និងស្រស់ស្អាតមួយនេះ។

បើនិយាយពីគូមិត្តភាពអន្តរជាតិ Kun Khmer ជាមួយនឹងកីឡាករមកពីប្រទេស អ៊ឺរ៉ុប វិញក៏កាន់តែក្តៅទៀត កីឡាករចម្រុះជាតិសាសន៍ មកប្រលែង លេងជាមួយកំពូលអ្នកប្រយុទ្ធគុនខ្មែរយើង ជើងខ្លាំងកែងឆេះជង្គង់ហោះ ម៉ឺន មេឃា ជួបតតាំងប្រណាំងកម្លាំងដៃជាមួយកីឡាករមកពីប្រទេសអ៊ុយរ៉ាហ្គាយ IVAN BODEANT។

ចំណែកឯរាហ៊ូមាស ឈុត សេរីវ៉ាន់ថង ត្រូវប៉ះជាមួយកំពូលអ្នកប្រយុទ្ធមកពីប្រទេសអេស្ប៉ាញ RICHI ALVAREZ។ កំលោះសង្ហាកែងឆេះជង្គង់ហោះ អេ អាំម៉ារីនភូថង ជួបជាមួយអ្នកលេងស្បែកតាន់មកពីប្រទេសអេស្ប៉ាញ NICO SANABRIA។ អ្នកលេងក្បាច់គុនចម្រុះ ចាន់ រតនា ជួបសាក់កម្លាំងជាមួយកំពូលអ្នកលេងក្បាច់គុន MARIO RAMOS។ កីឡាករ សែន ចាន់រិទ្ធីគុន អ្នកលេងអាវុធមកពីប្រទេសអេស្ប៉ាញ CRISTIAN CANAS។

ការប្រកួតដ៏ក្តៅគគុកចាប់ផ្តើមនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅបរិវេណសួនច្បារ មុខសាលាខេត្តត្បូងឃ្មុំ និងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG៕