(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានប្រគល់រថយន្តអគ្គិសនី ចំនួន២១,៩១២គ្រឿង ក្នុងត្រីមាសទី៣ឆ្នាំនេះ, កើនឡើង៦៦ភាគរយ ធៀបនឹងត្រីមាសមុន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ក្រុមហ៊ុនបានប្រគល់រថយន្តអគ្គិសនី ជាង៩,៣០០គ្រឿង ក្នុងប្រទេសវៀតណាម អំឡុងខែកញ្ញា, បណ្តាលឱ្យក្លាយជាចំនួនប្រគល់ប្រចាំខែខ្ពស់ជាងគេបំផុត ក្នុងប្រទេស។
កាលពីខែមុន, VinFast បានរាយការណ៍ពីការខាតបង់ នៅត្រីមាសទី២ កាន់តែច្រើន ដោយសារតែការកើនឡើងថ្លៃដើម ពាក់ព័ន្ធនឹងការពង្រីកទីផ្សារនៅក្រៅប្រទេស ហើយកន្លែងសាកថ្ម នៅមានចំនួនតិចនៅឡើយ ខណៈប្រាក់ចំណូលបានកើនឡើង។
ក្រុមហ៊ុន បាននិងកំពុងពង្រីកទៅកាន់ទីផ្សារអាស៊ី ដូចជាឥណ្ឌូនេស៊ី ដើម្បីទាញយកប្រយោជន៍ពីការកើនឡើង នៃតម្រូវការរថយន្តអគ្គិសនី នៅក្នុងតំបន់ ដើម្បីទូទាត់នឹងតម្រូវការមានភាពទន់ខ្សោយ នៅសហរដ្ឋអាម៉េរិក។
ក្នុងខែកក្កដា, VinFast បានពន្យារពេលគម្រោងបើករោងចក្ររបស់ខ្លួន នៅរដ្ឋ North Carolina រហូតដល់ឆ្នាំ២០២៨ និងបានកាត់បន្ថយការព្យាករណ៍ការប្រគល់រថយន្តរបស់ខ្លួន សម្រាប់ឆ្នាំនេះ មកត្រឹម២០,០០០គ្រឿង ទៅ៨០,០០០គ្រឿង ពីគម្រោងដំបូងឡើយ១០០,០០០គ្រឿង៕