(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក Real Madrid ធ្វើការវាយបកយកបាន ៣ពិន្ទុវិញ បន្ទាប់ពីត្រូវបានក្រុមភ្ញៀវមកពីអាល្លឺម៉ង់ Borussia Dortmund នាំមុខ ២គ្រាប់មុន ដ្បិតខ្សែប្រយុទ្ធ Vinicius Jr ធ្វើបាន ៣គ្រាប់ម្នាក់ឯង ក្នុងនាមជាបេក្ខភាព Ballon d’Or ដែលត្រូវប្រកាសនាចុងខែនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមជើងឯកអេស្ប៉ាញ Real បន្តធ្វើបានល្អសម្រាប់ជើងទី១ នៃពានរង្វាន់អឺរ៉ុប UEFA Champions League 2024-2025 នៅកីឡដ្ឋាន Santiago Bernabeu ក្រោមលទ្ធផលឈ្នះផ្លូវការ ៥ទល់នឹង២ ពីជំនួបទល់នឹងគូប្រជែងចាស់ដែលពួកគេបានយកឈ្នះ ២-០ កាលផ្តាច់ព្រ័ត្រ UCL រដូវកាលមុននៅទីក្រុង London ប្រទេសអង់គ្លេស។
ទាំង ៥គ្រាប់វាយបកនោះដែរ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Vinicius ធ្វើបាន ៣គ្រាប់ ដោយកើនបាន ២០គ្រាប់ និងបញ្ជូនបាន ១៥គ្រាប់ផងដែរ ពីការចូលលេងចំនួន ៣៥ប្រកួតនៅ UCL ដែលជាបេក្ខភាពលេចធ្លោ ក្នុងចំណោម ៣នាក់ចុងក្រោយនៃពានឯកត្តជន Ballon d’Or ជំនាន់ទី៦៨ នៃគូប្រជែង Rodri របស់ Manchester City និងមិត្តរួមក្រុម Jude Bellingham។
២គ្រាប់ផ្សេងទៀតរបស់ក្រុមលោក Carlo Ancelotti រកបានដោយខ្សែការពារ Rudriger និងខ្សែបម្រើ Lucas Varguez តាមពីក្រោយដោយ Malen និង Gittens រកបានម្នាក់ ១គ្រាប់នាំមុខឱ្យ Dortmund តាំងពីវគ្គទី១ មកនោះ៕