(បាសេឡូណា)៖ ក្របខណ្ឌបាល់ទាត់អាជីពរបស់អេស្ប៉ាញ La Liga មានបំណងរៀបចំការប្រកួតលីគរវាងក្រុម FC Barcelona និង Atletico Madrid នៅទឹកដីសហរដ្ឋអាមេរិក នាទីក្រុង Miami ដោយត្រូវសុំការអនុញ្ញាតពីសហព័ន្ធ FIFA ផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមកាលវិភាគលីគរដូវកាលឆ្នាំ២០២៤-២០២៥ នេះ Barca នឹងត្រូវជួបក្រុមគូប្រជែងស្ថិតក្នុងទីក្រុង Madrid គឺ Atletico នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅមុនពេលបញ្ចប់ជើងទី១ នៃលីគ La Liga ស្របពេលប្រធានលីគនេះ គឺលោក Javier Tebas ចង់រៀបចំជំនួបធំនេះ នៅក្រៅទឹកដីអេស្ប៉ាញជាលើកដំបូងផងដែរ។
នៅចាំបានថា កាលពីខែមករា ឆ្នាំ២០១៩ Barcelona ក៏មានគម្រោងរៀបចំការប្រកួតរបស់ខ្លួនទល់នឹង Girona នៅ Miami នេះដែរ ក៏ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារតែមានការខ្វែងគំនិតគ្នារវាងសហព័ន្ធបាល់ទាត់អេស្ប៉ាញ និងសម្ព័ន្ធកីឡាករផងនោះ។
តែយ៉ាងណាក៏ដោយប្រភពពីលីគបានបញ្ជាក់ថា ពួកគេនៅតែបន្តធ្វើកិច្ចការងារនេះ ដោយសង្ឃឹមថា ថ្ងៃណាមួយនឹងទទួលបានជោគជ័យ ខុសពីលីគ Premier League របស់អង់គ្លេសដែលកន្លងមកពួកគេធ្លាប់បាននិយាយថា ពុំដែលមានគម្រោងប្រកួតនៅក្រៅប្រទេសឡើយ។
ទាំងក្រុម Barcelona និង Atletico Madrid បានស្ថិតក្នុងចំណោម ៤ក្រុមរបស់អេស្ប៉ាញ ដែលត្រូវលេងពាន Super Cup នាដើមខែមករា ឆ្នាំ២០២៥ ដែលតែងតែរៀបចំឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹង Real Madrid និង Girona៕