(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City បាននិយាយថា ខ្សែបម្រើ Kevin de Bruyne «មិនទាន់មានអារម្មណ៍ល្អនៅឡើយទេ» ដើម្បីវិលចូលទីលានវិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិប៊ែលហ្សិក វ័យ ៣៣ឆ្នាំខាងលើនេះ រកបាន ១០៣គ្រាប់ ពីការចូលលេងបាន ៣៨៨ប្រកួតជាមួយ City ដែលបានអវត្តមាន ៦ប្រកួតមកហើយក្នុងលីគ Premier League ដោយសារតែបញ្ហារបួសសាច់ដុំ។
ពួកគេត្រូវលេងទល់នឹង Sparta Prague នៅរាត្រីថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងប្រកួតទី៣ ជើងទី១ នៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2024-2025។
ទន្ទឹមគ្នានេះ ក្រុមជើងឯកអង់គ្លេសមួយនេះ ក៏ពុំមានវត្តមានកីឡាករ Rodri និង Oscar Bobb ដែលត្រូវការរយៈពេលយូរ ដើម្បីព្យាបាលរបួសផងដែរ។
ជាមួយគ្នានោះ លោក Pep បានថ្លែងក្នុងសន្និសីទមុនការប្រកួតមកដល់ថា «លើកលែងតែ Rodri និង Oscar គ្រប់គ្នាគឺបានវិលចូលទីលានហ្វឹកហាត់វិញហើយ ក៏ប៉ុន្តែ Kevin គឺពុំទាន់លេងបានទេ។ វាពុំមែនជារឿងថ្មីពិតមែន ប៉ុន្តែមិនទាន់មានអារម្មណ៍ស្រួលនៅឡើយ ដ្បិតបច្ចុប្បន្នរូបគេមិនមែនស្ថិតក្នុងវ័យ ២២ឆ្នាំឡើយ និងត្រូវការរយៈពេលបន្ថែមទៀត ដើម្បីស្តារកាយសម្បទាឡើងវិញ»។
នៅចាំបានថា កីឡាករនាំមុខលេង Kevin de Bruyne បានរងរបួសសាច់ដុំជាទម្ងន់ ក្នុងប្រកួតដែល Man City បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹង Inter Milan កាលប្រកួតទី២ នៅ UCL រដូវកាលនេះ។ មុនជំនួបនៅរាត្រីនេះ City និង Sparta មាន ៤ពិន្ទុដូចគ្នា ក្រោយលេងបាន ២ប្រកួតមិនទាន់ចាញ់ដូចគ្នា៕