(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសចិន លោក Jin Zhuanglong នៅថ្ងៃពុធសប្តាហ៍នេះ ក្នុងទីក្រុងប៉េកាំង។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់មូលហេតុនៃដំណើរទស្សនកិច្ចរបស់ Tim Cook នៅពេលនេះ មិនទាន់ត្រូវបានបញ្ជាក់លម្អិតឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ លោក Jin Zhuanglong បានបង្ហាញក្តីសង្ឃឹមថា «Apple នឹងបន្តប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាមានវត្តមាននៅក្នុងទីផ្សារប្រទេសចិនបន្ថែមទៀត តាមរយៈបង្កើនការវិនិយោគលើការច្នៃប្រឌិត រីកចម្រើនជាមួយក្រុមហ៊ុនចិន និងចែករំលែកភាគលាភនៃការអភិវឌ្ឍន៍គុណភាព»។
យ៉ាងណាមិញ នេះគ្រាន់តែជាការបង្ហើបពីដំណើរទស្សនកិច្ចរបស់ Tim Cook ប៉ុណ្ណោះ ខណៈលទ្ធផលនៃដំណើរលើកនេះ គេនៅមិនទាន់ដឹងនោះឡើយ។ កន្លងទៅគេបានដឹងថា លោក Tim Cook បានទៅបំពេញទស្សនកិច្ចនៅចិនជាញឹកញាប់ ក្នុងគោលបំណងពង្រឹងអាជីវកម្មរបស់ Apple នៅទីនោះ ស្របពេលតួលេខនៃការលក់ iPhone នៅចិនហាក់មានភាពស្រពិចស្រពិល ត្បិតគូប្រជែងនៅទីនោះមានកាន់តែច្រើន ជាពិសេសស្មាតហ្វូនជំនាន់ថ្មីៗរបស់ក្រុមហ៊ុន Huawei៕