(សៀមរាប)៖ បន្ទាប់ពីបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ប្រាសាទបាទជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះនៃសំណង់របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថិរភាពជាដើម។

វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឬសញែកថ្ម។ ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ពន្ធជណ្តើរនេះបានរងការខូចខាតជាថ្មី។

អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុចខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។ បន្ទាប់មកចុះបញ្ជីថ្ម និងរុះរើថ្មដែលហែកចេញពីគ្នា សម្អាតកំណកដី ឬសឈើ ព្រមទាំងពង្រឹងថ្មដែលបែកបាក់ឬខូចខាត ហើយទើបរៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ពន្ធកាំជណ្តើរឡើងវិញ។ កិច្ចការនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែតុលា ឆ្នាំ២០២៤ ខាងមុខ។

ក្រោយពីបញ្ចប់ការជួសជុល ទីតាំងនេះនឹងមានសុវត្ថិភាពទាំងរចនាសម្ពន្ធសំណង់ជណ្តើរ ស្ថិតនៅគង់វង្សយូរអង្វែងបន្តទៀត និងសម្រួលដល់ភ្ញៀវទេសចរដើរឡើង-ចុះ ដើម្បីទស្សនានៅប្រាសាទបាទជុំនេះផង៕