(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនដែលតែងតែឧបត្ថម្ក និងគាំទ្រវិស័យកីឡាបាល់ទះកម្ពុជា បានសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា រៀបចំកម្មវិធីចូលនិវត្តន៍ជូនកីឡាករ សួន ចាន់ណារ៉ូ ដែលជាកីឡករ និងជាកាពីទែនក្រុមជម្រើសជាតិកម្ពុជាដ៏ល្អ ថែមទាំងផ្ដល់កាដូទូរស័ព្ទ Samsung Galaxy Z Flip 6 មួយគ្រឿងផងដែរ។

បើទោះបីជាការប្រកាសចូលនិវត្តន៍របស់កីឡាករ សួន ចាន់ណារ៉ូ គឺជាដំណឹងដ៏គួរឲ្យស្ដាយក៏ពិតមែន ប៉ុន្តែដើម្បីឱ្យស័ក្ដិសមជាមួយនឹងកិត្តិយស កេរ្តិ៍ឈ្មោះ កិច្ចខិតខំប្រឹងប្រែង និងការកសាងស្នាដៃជាច្រើនក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទះ ជូនជាតិមាតុភូមិកន្លងមក ទើបភេសជ្ជៈប៉ូវកម្លាំង វើក របស់ខ្មែរ ប៊ែវើរីជីស បានសហការរៀបចំកម្មវិធីចូលនិវត្តន៍នេះជូនដល់កីឡាកររូបនេះ។

បងប្អូនទាំងអស់ប្រកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាកីឡាករ សួន ចាន់ណារ៉ូ សម្រេចចិត្តចូលនិវត្តន៍ បើកីឡាបាល់ទះកម្ពុជាកំពុងតែហក់ឡើងខ្លាំងបែបនេះ? ការពិតទៅកីឡាករ សួន ចាន់ណារ៉ូ ពិតជាមិនចង់ចូលនិវត្តន៍នោះទេ ប៉ុន្តែដោយសារតែបញ្ហាសុខភាពមិនអំណោយផល ដែលនេះជាមូលហេតុតែមួយគត់នៅពីក្រោយការចូលនិវត្តន៍របស់រូបលោក។

ក្នុងកម្មវិធីនេះដែរ កីឡាករ សួន ចាន់ណារ៉ូ ក៏បានបង្ហើបប្រាប់ថា នៅពេលដែលសុខភាពរបស់ខ្លួនបានល្អប្រសើរ ហើយជម្រើសជាតិបាល់ទះកម្ពុជានៅតែត្រូវការ នោះរូបលោកនឹងពិចារណាចូលរួមជាមួយជម្រើសជាតិ សារជាថ្មីម្ដងទៀត៕