(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងផុតវគ្គ Live Show សប្តាហ៍ទី៤ នៃកម្មវិធី Cambodia idol រដូវកាលទី៥ បេក្ខជន នួន បូរ៉ា ដែលគេស្គាល់ថា ជាកូនកំព្រាមួយរូបនោះបានបញ្ចេញសមត្ថភាពចម្រៀង ជាពិសេសនោះគឺ Show សម្តែងយ៉ាងជក់ចិត្តជាមួយសំនៀងយ៉ាងពីរោះ និងបានធ្វើឱ្យ Coach ទាំង៤នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីការបង្ហាញខ្លួនរបស់បេក្ខជន នួន បូរ៉ា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺមានការវិវត្តឡើងៗ។
ជាមួយនឹងបទពិសាធន៍យូរឆ្នាំ ក្នុងវិស័យសិល្បៈចម្រៀង បេក្ខជន នួន បូរ៉ា បានខិតខំពុះពារគ្រប់ឧបសគ្គ និងលើកទឹកចិត្តខ្លួនឯងក្នុងការចូលរួមប្រកួតក្នុងកម្មវិធី Cambodia idol រដូវកាលទី៥ ខណៈមកទល់ពេលនេះ បូរ៉ា បានឈានដល់វគ្គ Live Show សប្តាហ៍ទី៥ហើយ នាថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០២៤នេះ តែយ៉ាងណាបេក្ខជនមកពីរាជធានីភ្នំពេញរូបនេះ នៅតែត្រូវការការលើកទឹកចិត្តបន្ថែមទៀតពីអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិគ្រប់គ្នា ពិសេសគឺការបោះឆ្នោតជូនទៅកាន់បេក្ខជនរូបនេះ ដែលលេខសម្គាល់ខ្លួនកម្មវិធីនឹងឲ្យនៅថ្ងៃប្រឡង ដើម្បីផ្តល់ឱកាសឡើងទៅវគ្គបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា បេក្ខជន នួន បូរ៉ា នាវគ្គ Live Show សប្តាហ៍ទី៤នេះ បានបកស្រាយបទចម្រៀង មានចំណងជើងថា «ខូចចិត្ត» ធ្វើឱ្យផ្ទុះការគាំទ្រ និងសំឡេងហ៊ោកញ្ជៀវពេញ Studio រួមជាមួយការសម្តែងយ៉ាងជក់ចិត្តដូចទៅហ្នឹងតារាអាជីព ធ្វើឱ្យអ្នកគាំទ្រដែលទស្សនាផ្ទាល់នៅទីនោះមានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង។
កាលពីវគ្គ Live Show សប្តាហ៍ទី២ បេក្ខជនរូបនេះ បានពោលពាក្យមួយឃ្លាដែលធ្វើឱ្យអ្នកគាំទ្រ និងមហាជនរំភើបចិត្តយ៉ាងខ្លាំង គឺ «ខ្ញុំបាទក៏សូមផ្ញើសារទៅកាន់ក្មេងកំព្រាទាំងអស់ កុំបាក់ទឹកចិត្ត ខិតខំសិក្សា រៀនរកចំណេះវិជ្ជា ក៏ដូចអ្វីសំខាន់ធ្វើជាមនុស្សល្អនៅក្នុងសង្គម ពេលហ្នឹងអត់ខ្វះក្តីស្រឡាញ់ទេ ក្តីស្រឡាញ់ គឺរត់មករកយើងហើយ» បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនទប់ទឹកភ្នែកមិនជាប់ឡើយ ខណៈមហាជនជាច្រើនក៏មានក្តីអាណិតអាសូរចំពោះ នួន បូរ៉ា ព្រមទាំងបង្កើនការលើកទឹកចិត្តដល់បេក្ខជនរូបនេះ ឱ្យខិតខំបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អទៅវគ្គបន្តបន្ទាប់ទៀត។
បេក្ខជនមកពីរាជធានីភ្នំពេញរូបនេះ បានអំពាវនាវដល់លោកតាលោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូន ក៏ដូចជាអ្នកគាំទ្រទាំងអស់សូមផ្ដល់ការគាំទ្រ និងបន្តការគាំទ្រចំពោះរូបគេតទៅទៀត ខណៈរូបគេក៏បានប្ដេជ្ញាចិត្តខិតខំហ្វឹកហាត់បន្តទៀត ដើម្បីធ្វើឱ្យបានល្អក្នុងការប្រឡងនៅវគ្គបន្តបន្ទាប់ទៀត។ បូរ៉ា សង្ឃឹមថានឹងបានកសាងជីវភាពសមរម្យមួយលើវិថីជាអ្នកចម្រៀង និងធ្វើជាសិល្បករមួយរូប ដែលជួយផ្សព្វផ្សាយពីតម្លៃសិល្បៈជាតិ៕