(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» (គ.ច.យ.ខ.ព) នៅថ្ងៃទី២៣ ខែតុលានេះ បាននាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ដល់ជូនដល់កីឡាករ ២រូប ដែលរងរបួស និងបានធ្វើការវះកាត់ព្យាបាល ក្រោយការប្រកួតយុទ្ធគុនខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» កាលពីថ្មីៗ ។
អនុប្រធានអចិន្ដ្រយ៍គណៈកម្មការចំពោះកិច្ចខាងលើ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី បានចាត់ឲ្យក្រុមការងារតាមដានជានិច្ច ចំពោះកីឡាកររងរបួស ដោយសម្ដេចបានផ្ដល់នូវការឧបត្ថម្ភគាំទ្រ និងធានាក្នុងការព្យាបាល រហូតដល់ជាសះស្បើយ ។ ក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រី បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាករ ត្រូវថែរក្សាសុខភាព និងជូនពរឆាប់បានជាសះស្បើយ ដើម្បីបានត្រឡប់ទៅគេហដ្ឋានវិញផងដែរ ។
បន្ថែមលើសនេះ លោក វ៉ាត់ ចំរើន ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នូវថវិកាចំនួន ៥០០ដុល្លារ ផ្ដល់ជូនកីឡាករប្រដាល់គុនខ្មែរ អូន ស៊ីនួន មកពីក្លិបប្រដាល់គុនខ្មែរអន្ដរជាតិ KKIF ដែលរងរបួសបាក់ខ្ទង់ច្រមុះ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២០ ខែតុលាកន្លងទៅ ហើយបានវះកាត់ដោយជោគជ័យ នៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព ហើយត្រូវធ្វើការតាមដានប្រមាណ ១ថ្ងៃ ឬ ២ថ្ងៃទៀត ទើបគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។
បន្ថែមលើនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែល ក៏បានផ្ដល់នូវថវិកាចំនួន ៥០០ដុល្លារទៀត ដែលជាអំណោយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដល់កីឡាករគុនល្បក្កតោ មុំ រដ្ឋា មកពីសាលាគុនល្បុក្កតោស្រីជោយដំរីសាមពាន់ ខេត្តសៀមរាប ដែលរងរបួសបាក់ប្រអប់ដៃស្ដាំ កំឡុងការប្រកួតដំបូង (ថ្ងៃទី១៨-តុលា) ហើយបានធ្វើការវះកាត់ព្យាបាលដោយជោគជ័យ និងបានត្រឡប់ទៅខេត្តសៀមរាបវិញ កាលពីថ្មីៗផងដែរ ។
គួរដឹងថា ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ដែលជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ បានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រង់ ដោយទទួលបានការអបអរសាទរយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ពិសេសចាស់ព្រឹទ្ធាចារ្យ និងកីឡាករ-កីឡាការិនីអ្នកហាត់គុនបុរាណខ្មែរទូទាំងប្រទេស ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ និងប្រកបដោយគុណតម្លៃនេះ ៕