(បរទេស)៖ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) បានបដិសេធជាសាធារណៈនូវរបាយការណ៍ ដែលថាសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតលើក្រុមហ៊ុនខ្លួន ជុំវិញការចោទប្រកាន់ថាខ្លួនបានផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់ដល់ក្រុមហ៊ុន Huawei ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
អ្នននាំពាក្យក្រុមហ៊ុន TSMC បានប្រាប់ CNBC នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្តាហ៍នេះថា «TSMC គឺជាក្រុមហ៊ុនដែលគោរពច្បាប់ ហើយយើងប្តេជ្ញាអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែលបានកំណត់ទាំងអស់ រួមទាំងការត្រួតពិនិត្យលើការនាំចេញផងដែរ»។ ប្រការនេះ កើតឡើងបន្ទាប់ពីបានចេញផ្សាយដោយ TechInsight ថាបានរកឃើញបន្ទះឈីបស៊េរីទំនើបរបស់ TSMC នៅក្នុងស្មាតហ្វូន Huawei។ ទន្ទឹមនឹងនេះ មានរបាយការណ៍អះអាងថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតថាតើ TSMC ពិតជាបានផលិតបច្ចេកវិទ្យា AI ឬបន្ទះឈីបស្មាតហ្វូនសម្រាប់ក្រុមហ៊ុនចិន Hawei ដោយបំពានច្បាប់នាំចេញរបស់សហរដ្ឋអាមេរិក ពិតមែន ឬអត់។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា «យើងនឹងសហការជាមួយនឹងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទាក់ទងនឹងបញ្ហានេះ។ យើងពិតជាមិនបានដឹងពិតមែនថា TSMC ជាកម្មវត្ថុនៃការស៊ើបអង្កេតណាមួយនៅពេលនេះទេ»។
គួរជម្រាបថា ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក បានគូសបញ្ជាក់ថា ខ្លួនមិនបានផ្គត់ផ្គង់បន្ទះឈីបទៅឱ្យក្រុមហ៊ុន Huawei ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២០ មកម្លេះ។ ស្ថានភាពនេះ កើតឡើងចំពេលមានការត្រួតពិនិត្យកាន់តែខ្លាំងឡើងនៃខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor និងការព្រួយបារម្ភលើការចូលប្រើបច្ចេកវិទ្យាដោយក្រុមហ៊ុនចិន ជាពិសេសក្រុមហ៊ុន Huawei ដែលស្ថិតនៅក្រោមការហាមឃាត់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០១២៕