(ភ្នំពេញ)៖ ផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង១បទ មានចំណងជើងថា «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ច្រៀងរួមគ្នាដោយតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, ខេម, តន់ ចន្ទសីម៉ា និងខាន់ ជេមស៍។ អ្វីជាការចាប់អារម្មណ៍ រូបភាពរបស់តារាចម្រៀងទាំង៥រូបនោះ ត្រូវបានឌីហ្សាញជាមួយសម្ដេចតេជោ និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិត។ ផ្ទាំងរូបភាពអមនឹងខ្លឹមសារ ត្រូវបានគេសន្និដ្ឋានបានថា ការផលិតបទចម្រៀងមួយបទនេះ គឺសម្រាប់ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្របពេលលសម្ដេចគ្រោងដង្ហែអង្គកឋិនទាន ជាប្រវត្តិសាស្រ្តទៅវត្តខ្មែរក្រោម នាពេលឆាប់ៗខាងមុខនេះ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នផលិតកម្ម Galaxy Navatra កំពុងតែមមាញឹក និងយកចិត្តទុកដាក់ជាខ្លាំង ដើម្បីផលិត MV មួយបទនេះ ដើម្បីឲ្យបានមុនថ្ងៃ ពិធីបុណ្យមកដល់នាដើមខែវិច្ឆិកាខាងមុខនេះមកដល់។ ប្រភពដដែលបានបង្ហើបទៀតថា បទ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ត្រូវបានផ្តួចផ្តើមផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, លោក ហ៊ឹម សុភា (នភា), លោក ខេមរៈ ភារុណ និងលោក ហ៊ី វីរៈ។

សូមបញ្ជាក់ថា អង្គកឋិនទាន ដែលផ្ដួចផ្ដើម ដោយសម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាល, រដ្ឋសភា, ព្រឹទ្ធសភា, ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលចូលរួមដោយផ្ទាល់ ដោយសម្ដេចទាំង២។ សម្តេចតេជោ ធ្លាប់បានលើកឡើថងថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។

ជាថ្មីម្តងទៀត សម្តេចតេជោ បានបញ្ជាក់ទៀតថា បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបាន ដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែន ឆ្លងប្រទេស។

មហាជនរំពឹងថា តាមរយៈបទ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដែលផលិតដោយ Galaxy Navatra ច្រៀងរួមគ្នាដោយតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, ខេម, តន់ ចន្ទសីម៉ា និងខាន់ ជេមស៍ ខាងលើនេះ នឹងជម្រុញឲ្យអង្គកឋិនទានជាប្រវត្តិសាស្រ្តនេះ ទទួលបានការគាំទ្រច្រើនពីមហាជនជាក់ជាមិនខាន៕

@lengnavatra

កឋិនសាមគ្គីមហាសុខគ្រួសារខ្មែរ 🙏🙏🙏

♬ original sound - Leng Navatra ឡេង ណាវ៉ាត្រា