(បរទេស)៖ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ប្រកាសលក់រថយន្តថ្មីចំនួនពីរម៉ូដែល សម្រាប់ទីផ្សារប្រទេសវៀតណាមគឺ BYD Han EV និង BYD M6 electric MPV ។ BYD Han EV មានតម្លៃ ៥៨,៨០០ដុល្លារ និង BYD M6 MPV ចាប់ផ្តើម ២៩,៨០០ដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Car News China។
Han EV គឺជារថយន្តអគ្គិសនីសុទ្ធរបស់ BYD ដែលត្រូវបានដាក់លក់ដំបូងសម្រាប់ទីផ្សារប្រទេសចិនក្នុងឆ្នាំ ២០២០។ ម៉ូដែលនេះត្រូវបានកែលម្អថ្មីសម្រាប់ឆ្នាំ២០២៥ ជាមួយនឹងប្រព័ន្ធ Rear Suspension ជាមួយពណ៌តួខ្លួនថ្មី និងឧបករណ៍ចាប់សញ្ញា LiDAR ដែលប្រសើរឡើងជាងមុន។ Han EV ឆ្នាំ២០២៥ បានដាក់លក់នៅប្រទេសចិនក្នុងខែកញ្ញានេះ ជាមួយនឹងតម្លៃចាប់ពី ២៣,២០០ដុល្លារ។ ងាកមក BYD M6 មិនត្រូវបានផ្តល់ជូននៅក្នុងប្រទេសចិនទេ ហើយបច្ចុប្បន្នមានលក់តែក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃប៉ុណ្ណោះ។
តាមរបាយការណ៍កន្លងទៅបានបង្ហាញថា BYD ចង់ពង្រីកទីផ្សារក្នុងប្រទេសវៀតណាមជាមួយគម្រោងក្នុងការសាងសងរោងចក្រផលិតនៅក្នុងប្រទេសនេះ ក្រោយមកគម្រោងនេះត្រូវបានគេរាយការណ៍ថាបានរំសាយ ចោលវិញ។ រថយន្ត BYD ដែលលក់ក្នុងប្រទេសវៀតណាមបច្ចុប្បន្ន ត្រូវបាននាំចូលពីប្រទេសចិន ប៉ុន្តែនៅពេលអនាគតរថយន្តទាំងនោះនឹងត្រូវនាំចេញពីរោងចក្រ BYD ក្នុងប្រទេសថៃវិញ ខណៈរោងចក្ររបស់ BYD នៅប្រទេសថៃបានជិតបញ្ចប់ការសាងសង និងចាប់ផ្តើមសង្វាក់ផលិតកម្មក្នុងពេលឆាប់ៗ៕