(បាសេឡូណា)៖ FC Barcelona បានយកឈ្នះ Bayern Munich ៤-១ ក្នុងប្រកួតទី៣ ជើងទី១ នៃពានរង្វាន់ UEFA Champions League 2024-2025 ជាក្រុមរបស់អាល្លឺម៉ង់ដែលពួកគេធ្លាប់ចាញ់ដល់ទៅ ៨-២ កាលឆ្នាំ២០២០ នៃពានរង្វាន់អឺរ៉ុបនេះដូចគ្នា។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Hansi Flick ដែលធ្លាប់ដឹកនាំ Bayern ឈ្នះ៣ នៃរដូវកាលឆ្នាំ២០១៩-២០២០ បានផ្លាស់មកដឹកនាំ Barca របស់អេស្ប៉ាញក្នុងរដូវកាលដំបូងរបស់លោក រួមទាំងកូនក្រុមចាស់ Robert Lewandowski ក៏បានផ្លាស់មកកាន់ទឹកដី Camp Nou នាពេលនេះដែរ។
ក្នុងប្រកួតនាយប់មិញនេះដែរ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលគឺ Raphinha ធ្វើបានហែតទ្រីក និងជាអ្នករកបានគ្រាប់បែកមាន់ផងដែរ ត្រឹមចាប់ផ្តើមលេងមិនបាន ១នាទីស្រួលបួលផង នៅមុនពេលកីឡាករអាល្លឺម៉ង់ Gnabry បានបោះបាល់ឱ្យ Harry Kane បញ្ចប់ទីបានសម្រេចនៅនាទី១៨ និងប្រធានក្រុមជម្រើសជាតិប៉ូឡូញ Lewandowski ធ្វើបានសម្រេចគ្រាប់ទី៤ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននៅតំបន់ Catalan ប្រទេសអេស្ប៉ាញ។
ឆ្លងតាមជ័យជម្នះក្នុងដីជាលើកទី២ ក្នុងចំណោម ៣ប្រកួតជើងទី១ នៅ UCL រដូវកាលនេះ បានធ្វើឱ្យក្រុមកំពូលតារាង La Liga មួយនេះមាន ៦ពិន្ទុឈរនៅលេខរៀងទី១០ ជាបណ្តោះអាសន្ន ដ្បិតក្រុមរបស់លោក Vincent Kompany ធ្លាក់ទៅលេខ២៣ ទើបមាន ៣ពិន្ទុ ក្រោយលេងចាញ់ ២ប្រកួត៕