(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi Corp គ្រោងនឹងបញ្ចប់ការសាងសង់ពង្រីករោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០២៥។ ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំក្រោយនេះតែម្តង។ នេះបើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយចិនដែលគាំទ្រដោយរដ្ឋ National Business Daily។
យោងតាមរបាយការណ៍ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រោងចក្រដែលកំពុងពង្រីកនេះ គឺជាផ្នែកមួយនៃឧស្សាហកម្ម Xiaomi Intelligent Manufacturing ដែលមានទីតាំងស្ថិតនៅតំបន់ Yizhuang New Town ទីក្រុងប៉េកាំង ដែលជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានបើកដំណើរការនៅទីនោះ។ របាយការណ៍បានបន្ថែមទៀតថា កម្មករកំពុងធ្វើការថែមម៉ោងដើម្បីបញ្ចប់គម្រោងនេះ។
យ៉ាងណា ជុំវិញព័ត៌មានលម្អិតអំពីរោងចក្រនេះ ក្រុមហ៊ុន Xiaomi នៅមិនទាន់មានការឆ្លើយតប នឹងសំណើរសុំការអត្ថាធិប្បាយពី Reuters នៅឡើយនោះទេ។
គួរជម្រាបថា ក្រុមហ៊ុន Xiaomi បានប្រកាសចូលប្រឡូកក្នុងវិស័យរថយន្តអគ្គិសនីជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តចង់ដកខ្លួនចេញពីប្រតិបត្តិការផលិតស្មាតហ្វូនស្នូលរបស់ខ្លូន។ ប៉ុន្តែវិស័យរថយន្តអគ្គិសនីនេះ ហាក់ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនចិននេះ បានដាក់លក់រថយន្តអគ្គិសនីម៉ូដែល SU7 ជំនាន់ដំបូងរបស់ខ្លួន បានរហូតដល់ទៅ ៧០,០០០គ្រឿងឯណោះ៕