(ឡុងដ៍)៖ ក្រុមឆ្មាខ្មៅ Sunderland បានយកឈ្នះម្ចាស់ផ្ទះ Luton Town ក្នុងលទ្ធផល ២-១ នាយប់មិញនេះ ក្នុងប្រកួតទី១១ ជើងទី១ ដើម្បីបន្តក្តោបក្តាប់តំណែងកំពូលតារាងនៃក្របខណ្ឌទី២ អង់គ្លេស Championship 2024-2025 ទៀត។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមរយៈ ៣ពិន្ទុក្រៅដីនេះដែរ គឺជាជ័យជម្នះលើកទី៨ របស់ពួកគេនារដូវកាលនេះ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ១ម៉ឺននាក់ក្នុងកីឡដ្ឋាន Kenilworth Road។
កីឡាករ Chris Rigg ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទី៥៥ ដើម្បីធានាបាន Sunderland រកបានគ្រាប់នៅគ្រប់ការប្រកួតក្នុង Championship រដូវកាលនេះនៅមុនពេល Alfie Doughty ទាត់បាល់ free-kick ហើយ Elijah Adebayo ទទួលបាល់ក្នុងប្រអប់គ្រោះថ្នាក់ តាមបានស្មើនៅ ៨នាទីបន្ទាប់។
ក៏ប៉ុន្តែ Mundle បានជួយឱ្យ Sunderland ឆ្លើយតបភ្លាមៗ តាមរយៈកាត់បាល់ពីស្លាបខាងឆ្វេង មុនពេលស៊ុតសំដៅទីជ្រុងខាងលើបានសម្រេចវិញនៅ ៣នាទីបន្ទាប់ផងដែរ និងជាជ័យជម្នះតែម្តង។
៣ពិន្ទុក្រៅដីដ៏សំខាន់នេះដែរ បានញាំងឱ្យពួកគេឈរនៅកំពូលតារាងជាប់ជាមួយនឹង ២៥ពិន្ទុ ដោយបាននាំមុខក្រុមលេខ២ Burnley ៣ពិន្ទុ ដ្បិតពួកគេ (Burnley) លេងស្មើទល់នឹងម្ចាស់ផ្ទះ Hull City នៅរាត្រីថ្ងៃពុធដែរ៕