(ឡុងដ៍)៖ Geoff Capes ដែលត្រូវបានគេស្គាល់ថា ជាអតីតកីឡាករកម្លាំងខ្លាំងពិភពលោក និងរបស់ចក្រភពអង់គ្លេស ផងនោះ បានទទួលអនិច្ចកម្មហើយ ក្នុងវ័យ ៧៥ឆ្នាំ ដោយសារជំងឺមហារីក។
គេហទំព័រកីឡា BBC បានដកស្រង់សេចក្តីថ្លែងការណ៍ពីក្រុមគ្រួសារ Capes ឱ្យដឹងថា «ក្រុមគ្រួសាររបស់លោក Geoffrey Capes បានជូនដំណឹងពីការបាត់បង់សមាជិករបស់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤»។
Capes ដែលមានជំងឺមហារីករ៉ាំរៃ ធ្លាប់បានឈ្នះមេដាយមាស ២លើកដូចគ្នា នៅឯព្រឹត្តិការណ៍ Commonwealth Games និង European Indoor Championships ក្នុងប្រភេទកីឡាចោលដុំដែក ។
បណ្តាសហព័ន្ធជាតិអង់គ្លេស និងអន្តរជាតិនានា រួមទាំងអតីតកីឡាកររួមជំនាន់ ក៏បានចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំនេះ ពីការបាត់បង់អតីតកីឡាករឆ្នើមមួយរូបនៅព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលលោកបានចូលប្រជែងបាន ៣លើក ក្នុងនាមកីឡាករជាប់ចំណាត់ថ្នាក់លេខ៥ នៅអូឡាំពិកហ្គេម នាឆ្នាំ១៩៨០ ក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី។
បើយោងតាមវេបសាយមូលនិធិរបស់ Geoff Capes បានឱ្យដឹងថា Capes គឺមានកម្ពស់ ៦ហ្វីត និង ៥.៥អ៊ីង ជាមួយនឹងទម្ងន់សរុប ១៧០គីឡូក្រាម ជាបុរសម្នាក់បានបង្កើតកំណត់ត្រាពិភពលោក ពីការប្រើរយៈពេលត្រឹម ៥៤.៣វិនាទី ក្នុងការអូសប្រភេទឡានដឹកទំនិញមួយគ្រឿងមានទម្ងន់១២.៥តោន នៅខែសីហា ឆ្នាំ១៩៨៣ នៅមជ្ឈមណ្ឌលកីឡាក្លិប Crystal Palace ទីក្រុងឡុងដ៍ ៕