(ភ្នំពេញ)៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ត្រូវបានវាយតម្លៃ បញ្ចប់ដោយជោគជ័យលើសពីការរំពឹងទុក ទោះបីការរៀបចំមានរយៈពេលខ្លីបន្ដិចក៏ដោយ។
នេះបើយោងតាមលទ្ធផលកិច្ចប្រជុំវាយតម្លៃចុងក្រោយ ដែលដឹកនាំដោយលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» (គ.ច.យ.ខ.ព) នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព បានបង្ហាញលទ្ធផលសង្ខេប នៃកិច្ចប្រជុំវាយតម្លៃខាងលើថា ទោះបីការរៀបចំមានពេលវេលាខ្លីបន្តិច ប៉ុន្តែអាចដំណើរការទៅបានដោយរលូន និងមិននឹកស្មាន ចំពោះការចូលរួមប្រកួតមានចំនួនច្រើនហួសពីការរំពឹងទុក ដែលបានបង្ហាញពីការចូលរួម គាំទ្រយ៉ាងផុលផុសដល់ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី»។
លើសពីនេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់នេះ បានរៀបចំតុបតែងពិសេស (Unique) ទីលានប្រកួតប្លែកភ្នែក និងទាក់ទាញ ជាមួយការរៀបចំអាសនៈប្រណិត មានអ្នកអត្ថាធិប្បាយជំនាញ អ្នកពោលពិសេស រួមទាំងសាច់ភ្លេង និងពណ៌មង្ឃុតជូនតា យុទ្ធគុន បានធ្វើឲ្យអ្នកទស្សនាមានការជក់ចិត្តដិតអារម្មណ៍។
ពាក់ព័ន្ធនឹងកម្រិតបច្ចេកទេសកីឡាប្រយុទ្ធ និងសម្តែងមួយចំនួនធំ មានគុណផលកីឡា (Performance) កម្រិតមធ្យម និងខ្ពស់ ក៏ធ្វើឲ្យការប្រកួតមានភាពទាក់ទាញខ្លាំងផងដែរ។ សម្រាប់ការសម្តែងក្នុងពិធីបិទការប្រកួតបានបញ្ចូលសាច់រឿង និងឈុតឆាកសម្តែងទម្រង់វប្បធម៌ និងយុទ្ធគុនខ្មែរ បុរាណយ៉ាងប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នាល្អ។ រីឯការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងអប់រំអំពីយុទ្ធគុនព្រលឹងដូនតា បានទូលំទូលាយ និងគ្របដណ្តប់ទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិ ពិសេសខ្មែរនៅក្រៅប្រទេសក៏បានជ្រួតជ្រាប និងគាំទ្រផងដែរ។
មិនតែប៉ុណ្ណោះ ដោយភាពប៉ិនប្រសព្វ និងទំនាក់ទំនងល្អលើការងារកៀរគរចំណូលរបស់លោកបណ្ឌិត ម៉ឹង មករា និងលោក ឡៅ វណ្ណ បានធ្វើឲ្យប្រភពចំណូលលើសពីសេចក្តីត្រូវការក្នុងការរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ប្រកបដោភាពកក់ក្តៅ។ ការណ៍នេះ បានបង្កើតឲ្យមានទស្សនៈជាតិនិយម ស្រលាញ់កីឡាវប្បធម៌ កីឡាអត្តសញ្ញាណជាតិនៃយុទ្ធគុនដូនតាខ្មែរ ត្រូវបានបំផុស ឡើង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។
គួរដឹងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ បានធ្វើឡើងរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១៨-២០ ខែតុលាកន្លងទៅ ដោយមានកីឡាករ-កីឡាការិនីចូលរួមជាង ៤០០នាក់។ ចំពោះអ្នកចូលទស្សនាផ្ទាល់នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) សរុបរយៈពេល ៣ថ្ងៃមានចំនួន ១៥.៥០០នាក់ (ថ្ងៃទី១ ចំនួន ៥.០០០នាក់, ថ្ងៃទី២ ចំនួន ៤.៥០០នាក់ និងថ្ងៃទី៣ ចំនួន ៦.០០០នាក់)។ ចំណែកសរុបអ្នកទស្សនាតាម Online និងអ្នកចូលរួមផ្ទាល់រយៈពេល ៣ថ្ងៃ គឺជិត ៥លាននាក់៕