(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំងថា ក្រុមហ៊ុនរបស់លោកនឹងបង្កើនការវិនិយោគនៅក្នុងប្រទេសចិន ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Cook បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសចិន លោក Jin Zhuanglong នៅថ្ងៃពុធសប្តាហ៍នេះ។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតផ្សេងទៀត ក្រុមហ៊ុន Apple នៅមិនទាន់មានការឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយពី Reuters នៅឡើយនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានបន្ថែមទៀតថា ប្រធានបទដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំ រួមមានការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យតាមអ៊ីនធឺណិត និងសេវាកម្ម cloud។ ខណៈពេលនោះលោក Cook បានលើកឡើងថា «ក្រុមហ៊ុន Apple ចង់ចាប់យកឱកាសដែលបង្ហាញដោយការបើកចំហររបស់ប្រទេសចិន (ទំនងសំដៅដល់សេដ្ឋកិច្ចក្នុងប្រទេសចិន និងការវិនិយោគបរទេស) ហើយនឹងបន្តបង្កើនការវិនិយោគរបស់ខ្លូនក្នុប្រទេស ដូច្នេះវានឹងក្លាយជាការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់»។
គួរជម្រាបថា នេះជាដំណើរលើកទីពីររបស់លោក Cook ក្នុងឆ្នាំ២០២៤ នេះទៅកាន់ទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ខណៈកាលពីត្រីមាសថ្មីៗនេះ ក្រុមហ៊ុនផលិត iPhone បាននឹងកំពុងបាត់បង់ចំណែកទីផ្សាររបស់ខ្លួនទៅឱ្យគូប្រជែងក្នុងស្រុក ជាពិសេសគឺ ក្រុមហ៊ុនចិន Huawei៕