(កំពត)៖ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤ បានបញ្ចប់វគ្គបណ្តុះបណ្តាលមេជាងសំណង់ចំនួន ៥៥ នាក់ ដែលបានទទួលការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់មេជាងសំណង់ដែលបានចូលរួម។ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី មិនត្រឹមតែជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ល្បីឈ្មោះ នៅក្នុងប្រទេសកម្ពុជាប្រកបដោយ និរន្តរភាព និងមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមហ៊ុនក៏បានគិតគូយ៉ាងសកម្មចំពោះការបណ្តុះបណ្តាលធនធានមនុស្ស និងមេជាងសំណង់ជំនាញនៅកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន បានសហការជាធ្លុងមួយជាមួយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បើកវគ្គបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រដោយឥតគិតថ្លៃ។
គួរឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២២ មកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៦វគ្គ រួចមកហើយ ដែលមានសិក្ខាកាមសរុបចំនួន ៣៧៥នាក់។
គោលបំណងចម្បង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបណ្តុះបណ្តាលក្រុមមេជាងសំណង់ ឱ្យពួកគាត់មានជំនាញពិតប្រាកដ ហើយក្លាយជាមេជាងដែលមានសមត្ថភាពត្រឹមត្រូវសម្រាប់អាជីបការងារ ប្រកបដោយស្តង់ដារខ្ពស់ និងរួមចំណែកលើកកម្ពស់វិស័យសំណង់តូចធំគ្រប់ប្រភេទនៅប្រទេសកម្ពុជា អោយមានប្រសិទ្ធភាពការងារមួយកម្រិតបន្ថែមទៀត។
លោក កាសេម ម៉ាក្រៃលើត នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិនបានថ្លែងនៅក្នុងកម្មវិធីថា «ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី យើងជឿជាក់ថា ការរៀនសូត្របន្តគឺជាគន្លឹះសំខាន់ សម្រាប់ការរីកចម្រើននៃជំនាញរបស់យើង។»។
នេះមិនមែនជាលើកទី១ទេដែល ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន បានយកចិត្តទុកដាក់សហការបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតស្តង់ដាជាមួយវិទ្យាស្ថាន។ យើងសហការជាមួយវិទ្យាស្ថានបច្ចេកទេសខេត្តកំពង់ស្ពឺ វិទ្យាស្ថានបច្ចេកទេសតំបន់តេជោសែនកំពត និងវិទ្យាស្ថានជាតិពហុបច្ចេកទេស NPIC មានសិក្ខាកាម ជាង ១ ០០០នាក់រួចមកហើយដែលត្រូវបានបណ្តុះបណ្តាល។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីបម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន គឺជាក្រុមហ៊ុនស៊ីម៉ងត៍ បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕