(បរទេស)៖ បន្ទាប់ពីបញ្ចេញស្មាតហ្វូនប្លែកពីគេមានអេក្រង់បត់ដល់ទៅ៣តង់ហើយនោះ នៅពេលនេះក្រុមហ៊ុនចិន Huawei បានបើកទំព័រប្រវត្តិសាស្ត្ររបស់ខ្លួនបន្ថែមទៀត តាមរយៈការប្រកាសចេញប្រតិបត្តិការស្មាតហ្វូនជំនាន់ថ្មី HarmonyOS NEXT ដែលបញ្ចេញមកដើម្បីប្រជែងជាមួយ Android របស់ Google។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្លាស់ប្តូរឧបករណ៍របស់ Huawei ទៅដំណើរការដោយភាពឯករា្យនៅលើប្រតិបត្តិការដែលបង្កើតឡើងដោយក្រុមហ៊ុន Huawei ផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន GSM Arena។
HarmonyOS Next ត្រូវបានគេជឿថាបញ្ចេញមក ដើម្បីផ្តល់ថាមពលដល់ឧបករណ៍ជំនាន់បច្ចុប្បន្ន និងអនាគតរបស់ Huawei នៅក្នុងប្រទេសចិន។ វានឹងដំណើរការលើឧបករណ៍ជាច្រើនចាប់ពីស្មាតហ្វូន រហូតដល់ឧបករណ៍ឆ្លាតវៃក្នុងផ្ទះ និងរថយន្តជាដើម។ អគ្គនាយកក្រុមហ៊ុន Huawei Consumer Business Group លោក Richard Yu បានប្រកាសថា កម្មវិធី និងសេវាកម្មចំនួន ១៥,០០០ ឥឡូវនេះ គឺជាផ្នែកនៃ HarmonyOS Next ជាមួយនឹងដំណើរការជាច្រើនទៀត។ លោករំពឹងថា កំណែជំនាន់មុននៃប្រតិបត្តិការ HarmonyOS បច្ចុប្បន្នកំពុងដំណើរការលើឧបករណ៍ជាង ១ពាន់លានគ្រឿងទូទាំងពិភពលោក។ តួលេខនេះរួមបញ្ចូលទាំងស្មាតហ្វូន ថេបប្លេត ឧបករណ៍ពាក់ដៃឆ្លាតវៃ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ និងប្រព័ន្ធបង្ហាញព័ត៌មានរថយន្តជាដើម។
គួរជម្រាបថា សម្រាប់ប្រតិបត្តិការ HarmonyOS Next ជំនាន់ថ្មីនេះ ត្រូវបានធ្វើការកែលម្អថ្មីនៅលើមុខងារ new lockscreen/home screen customization options, បានរចនាថ្មីលើមុខងារ control center, មានចលនា animations លឿនជាងមុន និងល្បឿនបើកដំណើរការកម្មវិធីលឿនជាងមុន ជាពិសេសគឺមានមុខងារសំខាន់ៗច្រើនទៀត៕