(ប៉ារីស)៖ កីឡាករវាយកូនបាល់ទោល លំដាប់លេខ៣ ពិភពលោក Novak Djokovic ប្រកាសដកខ្លួនពីកម្មវិធី Paris Masters 2024 ដែលរូបគេបានឈ្នះពាននេះ កាលឆ្នាំ២០២៣ កន្លងទៅ។
បុរសវ័យ ៣៧ឆ្នាំរបស់ស៊ែប៊ីរូបនេះ បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ជាអកុសល្យ ខ្ញុំនឹងមិនលេងក្នុងកម្មវិធី Paris Masters នាឆ្នាំនេះទេ។ កន្លងមកខ្ញុំមានអានុស្សាវរីយ៍ជាច្រើននៅទីនេះ ជាមួយនឹងជើងឯក ៧លើកទៀតផង។ ខ្ញុំសង្ឃឹមថា នឹងត្រឡប់មកវិញនៅឆ្នាំក្រោយ។ សូមអភ័យទោសអ្នករាល់គ្នា ដែលរំពឹងថាបានជួបខ្ញុំនៅទីនេះ»។
Djokovic បានប្រកាសដកខ្លួន ដ្បិតកម្មវិធីមានជារៀងរាល់ឆ្នាំនេះ នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីសប្តាហ៍ក្រោយតទៅ។កន្លងមករូបគេធ្លាប់ឈ្នះពានក្នុងកម្រិត Masters នេះបាន ៤០លើក និងពានធំក្នុង Grand Slam បាន ២៤លើកដែរ។
ការដកខ្លួននេះវាទំនងជា Djokovic បញ្ចប់ក្នុងរដូវកាលឆ្នាំ២០២៤ នេះហើយ ដោយពុំមានពានធំណាមួយនៅ Grand Slam ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧ ដោយបានត្រឹមឡើងមកដល់ផ្តាច់ព្រ័ត្រ ២លើក ប៉ុន្តែបរាជ័យក្រោមស្នាដៃ Jannik Sinner របស់អ៊ីតាលី និង Carlos Alcaraz របស់អេស្ប៉ាញ៕