(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុនរបស់លោកនឹងដាក់ឱ្យដំណើរការសេវាកម្មជិះតាក់ស៊ីគ្មានអ្នកបើកដល់សាធារណជនក្នុងរដ្ឋកាលីហ្វ័រញ៉ា និងតិចសាស់នៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយគម្រោងនេះ ត្រូវបានគេមើលឃើញថា ប្រឈមនឹងបញ្ហាផ្នែកច្បាប់និងបច្ចេកទេសមួយចំនួនត្រូវដោះស្រាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
និយាយអំឡុងពេលប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានប្រាប់ថា «យើងគិតថា យើងអាចដំណើរការតាក់ស៉ីគ្មានមនុស្សបើក (Robotaxis) នៅឆ្នាំក្រោយ»។ ទោះជាមានការប្រកាសបែបនេះក្តី តែគេបានដឹងថាដើម្បីដំណើរការតាក់ស៉ីនេះបាន គឺប្រឈមនឹងបញ្ហាផ្លូច្បាប់ជាច្រើន ។ ជាក់ស្តែង នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុននឹងប្រឈមផ្លូវពិបាកមានឡើងចុះភ្នំជាដើម ដែលត្រូវតែមានការធានាសុវត្ថិភាពដល់អតិថិជន។ កន្លងទៅគម្រោងរថយន្តគ្មានមនុស្សបើករបស់ Alphabet ដែលមានឈ្មោះថា Waymo បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីអាចធ្វើការសាកល្បងបើកក្នុងចម្ងាយរាប់លានម៉ាយ មុនពេលវាបានទទួលការអនុញ្ញាតដំបូងពី គណៈកម្មាការប្រើប្រាស់សាធារណៈរដ្ឋកាលីហ្វ័រញ៉ា (CPUC) ដែលគ្រប់គ្រងសេវាកម្មរថយន្តប្រភេទនេះ។
នាយកដ្ឋានយានជំនិះរដ្ឋកាលីហ្វ័រញ៉ា ដែលគ្រប់គ្រងការធ្វើតេស្ត និងការដាក់ពង្រាយយានយន្តបើកបរដោយខ្លួនឯងនេះ បានប្រាប់រ៉យទ័រថា ក្រុមហ៊ុន Tesla ត្រូវបានរាយការណ៍ថា បានប្រើប្រាស់លិខិតអនុញ្ញាតធ្វើតេស្តយានយន្តស្វយ័តរបស់ខ្លួនក្នុងឆ្នាំ២០១៩។ ការអនុញ្ញាតនោះ ទាមទារការបើកបរប្រកបដោយសុវត្ថិភាព។ តែយ៉ាណាក៏ដោយ ក្រុមហ៊ុនមិនមាន ឬមិនបានដាក់ពាក្យសុំការអនុញ្ញាតធ្វើតេស្តលើរថយន្តគ្មានមនុស្សបើកឡើយ។ ជុំវិញដំណឹងនេះ Tesla មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេរហូតមកទល់នឹងពេលនេះ៕