(អ៊ីស្តង់ប៊ូល)៖ Manchester United នៅតែរក្សាកំណត់ត្រាលេងមិនឈ្នះនៅពានអឺរ៉ុប UEFA Europa League រដូវកាលនេះ ពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Fenerbahce របស់តួកគីនាយប់មិញនេះ សម្រាប់ជើងទី១ របស់ពួកគេ។
ពីគេហទំព័រកីឡា BBC បានឱ្យដឹងថា ក្រុមមកពីអង់គ្លេសរបស់លោក Erik ten Hag បន្តលេងស្មើទាំង ៣ប្រកួតតែម្តង និងធ្លាក់ទៅលេខរៀងទី២១ នៃតារាងពិន្ទុជាបណ្តោះអាសន្នផងដែរក្នុងចំណោម ៣៦ក្រុមនៅ UEL រដូវកាលឆ្នាំ២០២៤-២០២៥ ដោយមាន ៣ពិន្ទុក្នុងដៃ មិនដែលចាញ់ និងឈ្នះនៅឡើយ។
ខ្សែប្រយុទ្ធ Youssef En-Nesyri ជាអ្នករកបានគ្រាប់តាមស្មើ ១-១ នៅដើមវគ្គទី២ ឱ្យម្ចាស់ផ្ទះ Fenerbahce និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅទីក្រុង Istanbul ក្រោយពេល Chrstian Eriksen របស់ដាណឺម៉ាក ជាអ្នករកបានគ្រាប់នាំមុខឱ្យ Man Utd ដែលរំពឹងក្នុងការទទួលបាន ៣ពិន្ទុលើកដំបូង ប៉ុន្តែត្រូវបានរលាយដោយសារកីឡាកររបស់ម៉ារ៉ុក។
ក្នុងជំនួបដ៏តានតឹងនោះដែរ អតីតគ្រូបង្វឹកបិសាចក្រហម ដែលបានដឹកនាំ Man Utd ឈ្នះពានកម្រិតទី២ អឺរ៉ុប UEL នេះកាលឆ្នាំ២០១៧ គឺលោក Jose Mourinho ក៏ត្រូវបានអាជ្ញាកណ្តាលដកកាតក្រហមពិន័យភ្លាមៗ ព្រោះលោកតវ៉ារឿងបាល់ប៉េណាល់ទីដែល Ugarte បានធ្វើឱ្យកូនក្រុមរបស់លោកដួលក្នុងប្រអប់គ្រោះថ្នាក់ ដោយលោក Clement Turpin មិនមានប្រតិកម្មអ្វីនោះ៕