(ម៉ាឌ្រីដ)៖ Vinicius Junior នឹងក្លាយជាកីឡាករដំបូងគេរបស់ប្រទេសប្រេស៊ីល ប្រសិនបើឈ្នះពានឯកត្តជន Ballon d’Or 2024 នាចុងខែតុលាខាងមុខ ដោយមានរយៈពេល ១៧ឆ្នាំ គិតចាប់តាំងពីមិត្តរួមជាតិ Kaka ឈ្នះចុងក្រោយក្នុងឆ្នាំ២០០៧ មក។
ពីបណ្តាញសង្គម Channel Telegram JF ដែលតែងតែបង្ហោះចំពោះការបែកធ្លាយ ក៏ដូចជាបេក្ខភាពខ្ពស់ពីខ្សែប្រយុទ្ធខាងលើ ក្នុងការក្លាយជាម្ចាស់ពានបាល់មាស លើកទី៦៨ នាពេលដ៏ខ្លីខាងមុខ ដ្បិតកំពុងនាំមុខគូប្រជែង Rodri របស់ក្លិបមេឃខៀវ Manchester City និងមិត្តរួមក្រុមក្នុងក្លិបអធិរាជស Real Madrid គឺខ្សែបម្រើ Jude Bellingham។
កីឡាកររបស់ក្រុមសាំបា វ័យ ២៤ឆ្នាំ Vinicius និង Bellingham បានរួមចំណែកជួយ Real ឈ្នះជើងឯក La Liga និងពានអឺរ៉ុប UEFA Champions League ក្នុងរដូវកាលឆ្នាំ២០២៣-២០២៤ ដោយស្ថិតក្រោមការបង្វឹកដោយបុរសសញ្ជាតិអ៊ីតាលី លោក Carlo Ancelotti។
Vinicius Jr នឹងដើរតាមគន្លងរៀមច្បង Kaka, Ronaldinho, Rivaldo និង Ronaldo ក្នុងការឈ្នះជើងឯក Ballon d’Or ដែលបានបង្កើតតាំងពីឆ្នាំ១៩៥៦ ស្របពេល Neymar មិនទាន់ឈ្នះបាន ១លើកនៅឡើយទេ៕