(បរទេស)៖ ប្រភពពីមន្ត្រីតៃវ៉ាន់ម្នាក់បានឱ្យដឹងថា ក្រុមហ៊ុន Taiwan Semiconductor Manufacturing (TSMC) បានផ្អាកការនាំចេញទៅកាន់អតិថិជន បន្ទាប់ពីបានរកឃើញថា មានបន្ទះឈីបរបស់ខ្លួននៅក្នុងផលិតផល Huawei ដែលអាចបំពានច្បាប់នាំចេញរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
មន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសុំលាក់អត្តសញ្ញាណបានផ្តល់ព័ត៌មានថា ប្រហែលពីសប្តាហ៍មុន TSMC បានផ្អាកការនំាចេញផលិតផលបន្ទះឈីបរបស់ខ្លួនទៅកាន់អតិថិជន។ វាបានកើតឡើងនៅពាក់កណ្តាលខែតុលា បន្ទាប់ពីមានរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ TechInsights បានរកឃើញបន្ទះឈីប TSMC នៅក្នុងឧបករណ៍បង្កើនល្បឿន Ascend 910B AI របស់ Huawei។ មន្ត្រីរូបនេះ មិនបានកំណត់អត្តសញ្ញាណអតិថិជនដែល TSMC បានផ្អាកការនាំចេញនោះទេ ខណៈតំណាងក្រុមហ៊ុន TSMC បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
តាមរយៈសេចក្តីថ្លែងការណ៍មួយទៅកាន់ CNBC នៅថ្ងៃពុធម្សិលមិញនេះ អ្នកនាំពាក្យ TSMC បាននិយាយថា «ខ្លួនគោរពតាមច្បាប់ ហើយបានប្តេជ្ញាអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែលបានកំណត់ទាំងអស់ រួមទាំងការត្រួតពិនិត្យលើការនាំចេញ»។ ព្រមទាំងបានបដិសេធជាសាធារណៈ ថាខ្លួនពិតជាមិនបានផ្គត់ផ្គង់ទៅ Huawei នោះទេ។ តែយ៉ាងទាក់ទិននឹងរបាយការណ៍នេះ ត្រូវបានគេមើលឃើញថាវាហាក់មានភាពមិនប្រក្រតី ថាតើហេតុអ្វីបានជាមានបន្ទះឈីបនៅក្នុង Huawei? វាទៅបានដោយរបៀបណា? ហើយសុខៗហេតុអ្វីបានជាបញ្ឈប់ការនាំចេញភ្លាមៗ៕