(បរទេស)៖ កីឡាករស្នូកឃើលំដាប់លេខ១ ពិភពលោក Judd Trump បានធ្វើដំណើរទៅកាន់វគ្គ ៨នាក់ចុងក្រោយជាបន្តទៀតនៃពាន Northern Ireland 2024 របស់អៀរឡង់ខាងជើង ក្រោយយកឈ្នះគូប្រជែង Hawkins នាយប់មិញនេះរួចមក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអង់គ្លេស Trump បានបន្តទៅការពារតំណែងជើងឯករបស់ខ្លួន ជាមួយនឹងជ័យជម្នះ ៤-១ ទៅលើ Barry Hawkins នៅទីក្រុង Belfast កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ពីក្នុងវគ្គ ១៦នាក់ចុងក្រោយ។
ក្នុងជំនួបនោះដែរ Trump បានបើកការនាំមុខ ២សិតដំបូង ជាមួយពិន្ទុ ៦៩ និង ៦៣ មុនពេល Hawkins វាយបកបានឈ្នះ ១សិតវិញនៅឯទីលាន Waterfront Hall ជាទីដែលកីឡាករជើងចាស់ Ronnie O’Sullivan បានប្រកាសដកខ្លួន ដោយសារបញ្ហារបួស។
ជាការកត់សម្គាល់ Trump បានឈ្នះនៅសិតទី៤ ជាមួយនឹងការវាយបានពិន្ទុខ្ពស់បំផុតដល់ទៅ ១០៥ពិន្ទុ ដើម្បីឡើងទៅជួប Shaun Murphy ក្នុងវគ្គ ៨នាក់ជាបន្តទៀតដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃសុក្រ ទី២៥ ខែតុលានេះ ដ្បិតគូប្រជែងរូបនេះបានទម្លាក់ Stuart Bingham ៤-៣ នៅយប់មិញនេះដែរ៕