(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ នឹងត្រូវជួបក្រុមិនទាន់ស្គាល់ចាញ់ដូចគ្នា គឺក្រុមជម្រើសជាតិ U19 អាហ្វហ្គានីស្ថាន ក្នុងការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី(AFC U17 Asian Cup) ឆ្នាំ២០២៥ ពូលB នាម៉ោង ៨យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ នៅកីឡដ្ឋានព្រីនស៍ ។
នេះគឺជាការប្រកួតដ៏សំខាន់ សម្រាប់ក្រុមទាំងពីរ ដែលទាមទារឈ្នះរៀងៗខ្លួន ដើម្បីធានាឱកាសប្រជែងកៅអីវគ្គបន្ដ ។ យ៉ាងណាមិញ អ្នកគាំទ្របានចាត់ទុកជំនួបនារាត្រីនេះ គឺជាភារកិច្ចមួយដ៏ធ្ងន់របស់ក្រុមម្ចាស់ផ្ទះកម្ពុជា ដែលត្រូវជួបក្រុមខ្លាំង U17 អូហ្វហ្គានីស្ថាន ដ្បិតពួកគេបានលត់គូប្រកួតយ៉ាងចាស់ដៃ ពោលគឺបានយកឈ្នះ U17 ហ្វីលីពីន ៨-០ និងឈ្នះ U17 ម៉ាកាវ ៩-០ មុនជួបក្រុមគោព្រៃជំទង់កម្ពុជា ។
បច្ចុប្បន្នអាហ្វហ្គានីស្ថាន កំពុងឈរកំពូលតារាង និងមាន ៦ពិន្ទុក្នុងដៃស្មើក្រុមជម្រើសជាតិ U17 កម្ពុជា ខណៈក្រុមទាំងពីរ នៅសល់ ២ប្រកួតដូចគ្នា ។ ប៉ុន្ដែមុនឈានដល់ការប្រកួតរវាងក្រុមមិនទាន់ស្គាល់ចាញ់ទាំងពីរ ក៏នឹងមានជំនួបរវាងក្រុមជម្រើសជាតិ U17 បង់ក្លាដេស និងម៉ាវកាវ នាវេលាម៉ោង ៤រសៀលមួយប្រកួតផងដែរ នៅកីឡដ្ឋានព្រីសន៍ដូចគ្នា ។
សូមរំឮកថា ការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 គឺបែងចែកជា ១០ពូល ដើម្បីស្វែងរកក្រុមលេខ១ ប្រចាំពូលនីមួយៗ ១០ក្រុម, ក្រុមលេខ២ ល្អជាងគេ ៥ក្រុម និងក្រុមម្ចាស់ផ្ទះ(អារ៉ាប់ប៊ីសាអូឌីត) ឡើងទៅវគ្គ ១៦ក្រុមឡើងចុងក្រោយ នៅប្រទេសអារ៉ាប់ប៊ី នាឆ្នាំ២០២៥ ។ ការណ៍នេះ នាំឲ្យក្រុម U17 កម្ពុជា ត្រូវការពិន្ទុចាំបាច់ ក្នុងជំនួបទល់នឹងអាហ្វហ្គានីស្ថាន ដើម្បីរក្សាឱកាសប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ ៕