(បរទេស)៖ កំពូលមហាសេដ្ឋីដែលចូលចិត្តធ្វើអ្វីប្លែកពីគេ Elon Musk បានកើនឡើងទ្រព្យសម្បតិ្តសុទ្ធចំនួន ៣៣.៥ពាន់លានដុល្លារបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពោលបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងមួយរំពេច និងជាការកើនឡើងច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Economic times ។
ភាគហ៊ុន Tesla បានបញ្ចប់ការជួញដូរជាមួយការកើនឡើង ២២% និងប្រែទៅជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានរាយការណ៍ពីប្រាក់ចំណេញកើនឡើងប្រចាំត្រីមាសឆ្នាំ២០២៣។ Elon Musk បានព្យាករណ៍ថា នឹងមានការកើនឡើងបន្តរហូតដល់ ៣០% នៃការលក់រថយន្តនៅឆ្នាំក្រោយ ដែលជំរុញដោយប្រភេទរថយន្ត Cybertruck។ នេះជាការកើនឡើងលើកដំបូង បន្ទាប់ពីប្រាក់ចំណូលបានធ្លាក់ចុះបួនត្រីមាសជាប់គ្នា ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីៗ។
គួរជម្រាបថា ការកើនឡើងទ្រព្យសម្បត្តិរបស់លោក Musk នៅពេលនេះ បាននាំឲ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកកើនដល់ទៅ ២៧០.៣ពាន់លានដុល្លារ ពោលគឺនាំមុខលោក Jeff Bezos ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី២។ ចំណូលពីភាគហ៊ុន Tesla គឺមានប្រហែលបីភាគបួននៃទ្រព្យសម្បត្តិរបស់ Elon Musk ហើយក្រៅពីនោះនៅទទួលបានចំណូលពីភាគហ៊ុនធំនៅក្នុង SpaceX, វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI ជាដើម៕