(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានប្រារព្ធកម្មវិធីប្រគល់បណ្ណសរសើរ និង មេដាយ ជូននិស្សិតឆ្នើមចំនួន១៧១នាក់ (ស្រី៩៦នាក់) មកពី ៤មហាវិទ្យាល័យ និង ១៥ជំនាញ ក្រោមអធិបតី លោកស្រី ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ លោកស្រីសាកលវិទ្យាធិការ បានកោតសរសើរ និងអបអរសាទរនូវសមិទ្ធផលរបស់និស្សិតឆ្នើមទាំងអស់ ដែលបានខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ប្រកបដោយសុច្ចរិកភាព ដែលបានក្លាយខ្លួនជាមូលធនមនុស្សសម្រាប់អនាគតប្រទេសកម្ពុជា។
លោកស្រីបានថ្លែងបន្ថែមថា ជោគជ័យនេះមិនមែនកើតឡើងពីការខិតខំរៀនសូត្រតែមួយមុខនោះទេ គឺរួមផ្សំទាំងបំណិនសតវត្សទី២១ ដែលបានបញ្ជ្រាបចូលក្នុងកម្មវិធីសិក្សា ដែលនាំឱ្យប្អូនៗមាននូវជំនាញ សម្របបានយ៉ាងលឿននៅក្នុងយុគសម័យឌីជីថល។
ដើម្បីឆ្លើយតបទៅនឹងនិន្នាការជាសកលរួមមាន ការវិវត្តិនៃសង្គម សេដ្ឋកិច្ច និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា PPIU បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើធ្វើកំណែទម្រង់កម្មវិធីសិក្សា ឱ្យឆ្លើយតបនឹងតម្រូវការធុរកិច្ច ដោយផ្តោតសំខាន់ ទៅលើទ្រឹស្តី ជំនាញ បំណិនសតវត្សទី២១ និងអនុវត្តជាក់ស្តែងជាមួយក្រុមហ៊ុនធុរកិច្ចជាដៃគូ។
លើសពីនេះទៅទៀត សាកលវិទ្យាល័យក៏បានបញ្រ្ជាបចំណេះដឹង បច្ចេកវិទ្យា ភាសាបរទេស ការស្រាវជ្រាវ និងនវានុវត្តន៍នៅក្នុងកម្មវិធីសិក្សា ជូនដល់និស្សិតដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយជំនាញ ក្រមសីលធម៌ និងមានផលជះវិជ្ជមានទៅក្នុងសង្គម។
ជាចុងបញ្ចប់ លោកស្រីបានផ្តាំផ្ញើដល់និស្សិតទាំងអស់ «ត្រូវប្រើប្រាស់ចំណេះដឹងប្រកបដោយសីលធម៌ទៅក្នុងសង្គម និងមានភាពក្លាហានប្រកបដោយមោទនភាពចំពោះខ្លួនឯង ដើម្បីជំនះរាល់ឧបសគ្គ»។ លោកស្រីបញ្ជាក់ទៀតថា PPIU មានមោទនភាពក្នុងការចូលរួមគាំទ្រការអភិវឌ្ឍខ្លួន និងគំនិតនវានុវត្តន៍របស់និស្សិតគ្រប់រូប៕