(ភ្នំពេញ)៖ មន្ទីរព្យាបាលធ្មេញសន្តិភាព និងរោងភាពយន្តលេជេន (Legend Cinema) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានចុះអនុស្សារណយោគយល់គ្នា ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សុខភាពមាត់ធ្មេញ។

អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយ លោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច ស្ថាបនិក នៃមន្ទីរព្យាបាលធ្មេញសន្តិភាព និងលោក គង់ សុខសេង នាយកប្រតិបត្តិហិរញ្ញវត្ថុ នៃរោងភាពយន្តលេជេន (Legend Cinema) នៅមន្ទីរព្យាបាលធ្មេញសន្តិភាព។

បើតាម លោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច ស្ថាបនិក នៃមន្ទីរព្យាបាលធ្មេញសន្តិភាព បានឱ្យដឹងថា គោលបំណងនៃការចុះអនុស្សរណៈជាដៃគូសហការនេះ គឺដើម្បីផ្តល់នូវគុណតម្លៃបន្ថែមជូនដល់បុគ្គលិក ក្រុមគ្រួសារបុគ្គលិក និងអតិថិជនរបស់ Legend Cinema ទាំងអស់ ក្នុងន័យលើកកម្ពស់សុខភាពមាត់ធ្មេញរបស់ពួកគាត់ ដើម្បីកាត់បន្ថយការចំណាយលើសេវាថែទាំ ពិនិត្យ ព្យាបាលធ្មេញក្នុងតម្លៃពិសេស និងសេវាកម្មកម្រិត VIP ក្រោមភាពយោគយល់ក្នុងនាមជាដៃគូ។

សូមជម្រាបថា មន្ទីរព្យាបាលធ្មេញសន្តិសព ជាមន្ទីរព្យាបាលធ្មេញ ឈានមុខគេមួយនៅកម្ពុជា គឺចាប់ផ្ដើមបើកដំណើរការ ជាច្រើនឆ្នាំមកហើយ។ មន្ទីរព្យាបាលនេះ មានផ្ដល់សេវាកម្មទន្តសាស្ត្រដ៏ជំនាញល្អឥតខ្ចោះ និងទំនុកចិត្ត ដើម្បីផ្តល់ឱ្យមនុស្សមានសុខភាពមាត់ធ្មេញល្អ ជាមួយនឹងស្នាមញញឹមប្រកបដោយទំនុកចិត្ត ដោយក្រុមពហុជំនាញ នៃវិជ្ជាជីវៈទន្តសាស្ត្រដែលអាចជឿទុកចិត្តបាន (ទន្តបណ្ឌិត អ្នកឯកទេស ជំនួយការទន្តសាស្ត្រ មន្ទីរពិសោធន៍ធ្មេញ សេវាអតិថិជន) និងមានផ្តល់ជូនសេវាកម្ម៖
-ពត់ធ្មេញ
-ដាំបង្គោលធ្មេញក្នុងឆ្អឹង
-បិតធ្មេញអោយសដោយសុវត្ថិភាព
- ពិនិត្យព្យាបាល ធ្មេញកុមារ និង
- ព្យាបាលមាត់ធ្មេញទូទៅ…

បន្ថែមពីនេះ មន្ទីរព្យាបាលនេះ មានការប្រើប្រាស់ឧបករណ៍ទំនើប និងបត់ទៅតាមប្រព័ន្ធឌីជីថលនៅក្នុងវិស័យទន្តសាស្រ្ត ដើម្បីបំពេញចិត្តអ្នកជំងឺ និងធ្វើឲ្យមានអារម្មណ៍ខុសប្លែកពីគេ ជាពិសេសក៏ជាកន្លែងបង្កើតស្នាមញញឹមដ៏ស្រស់ស្អាត ជឿជាក់ និងមានសុខភាពល្អ៕