(ភ្នំពេញ)៖ សិល្បករ-សិល្បការិនីប្រមាណជាង៥០០នាក់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២។ នេះបើតាមការបញ្ជាក់របស់លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍មួយនេះ។
ការវិលត្រឡប់មកវិញជាលើកទី២នេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏ធំ នៅចុងឆ្នាំ២០២៤នេះ ដែលជាការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍ពីរក្នុងពេលតែមួយ។ នោះគឺទី១ កម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» ដែលជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាពព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករ-សិល្បការិនី ចូលរួមសម្តែងប្រមាណ៥០០នាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្តតែម្តង។ ទី២ គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលការបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ផ្សារភ្ជាប់នឹងប្រាង្គប្រាសាទ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ ការដាក់តាំងបង្ហាញម្ហូបអាហារបែបខ្មែរ និងការស្វាគមន៍ធ្វើយ៉ាងណាផ្ដល់ស្នាមញញឹម ប្រកបដោយភាពកក់ក្ដៅជូនដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួម។
បើតាមប្រធានក្រុមការងារ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួម ពីសមាគមសិល្បករខ្មែរជាដៃគូរៀបចំព្រឹត្តិការណ៍ឡើង។ ដោយឡែកក៏មានការចូលរួមគាំទ្រពីក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តសៀមរាបផងដែរ។
លោករដ្ឋលេខាធិការបានចាត់ទុកជាមោទនភាពមួយ ដែលបានទទួលនូវទំនុកចិត្ត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងអភិរក្ស អភិវឌ្ឍ និងលើកស្ទួយដល់វប្បធម៌សិល្បៈជាតិខ្មែរ ដើម្បីជំរុញ និងលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិ និងជាយុទ្ធសាស្ត្រក្នុងការប្រើប្រាស់វប្បធម៌ ដើម្បីលើកកម្ពស់ទេសចរណ៍ បង្កើតបទពិសោធន៍ដែលមានន័យសម្រាប់ភ្ញៀវទេសចរ និងបង្កើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលគ្រោងរៀបចំជាថ្មីលើទឹកដីសៀមរាប អត្ថន័យជ្រាលជ្រៅ និងជាការចែករំលែកនូវសេចក្តីសប្បាយរីករាយ សុភមង្គលនៅក្នុងសង្គមកម្ពុជាយើង។ ព្រឹត្តិការណ៍នេះ គឺជាមូលដ្ឋាន ដ៏ល្អដើម្បីបង្កើតមិត្តភាព ក៏ដូចជាបង្កើតជាទំនាក់ទំនងដ៏រឹងមាំ រវាងមនុស្សជាច្រើនដែលចូលរួម។ សិល្បករ-សិល្បករិនីជាង ៥០០នាក់ និងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ក្នុងការដង្ហែក្បួនព្រះមហាក្សត្រខ្មែរ ដែលនឹងក្លាយទៅជាភស្តុតាង ស្ដែងឱ្យឃើញពីស្មារតីនៃការលះបង់ របស់សិល្បករ-សិល្បការិនី ក្នុងបុព្វហេតុសិល្បៈវប្បធម៌ និងទេសចរណ៍របស់ជាតិ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើរតួនាទីដឹកនាំ ចាត់ចែង គ្រប់គ្រងកៀគរ ធ្វើឱ្យកើតចេញជាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើងជាថ្មី។
ព្រឹត្តិការណ៍ប្រកបដោយខ្លឹមសារ និងឱឡារិកនេះ មិនត្រឹមតែបង្កើតបាននូវភាពសប្បាយរីករាយ ពីការកម្សាន្តដែលរៀបចំដោយមានភាពចម្រុះនៃសិល្បៈ និងទស្សនាប្រាង្គប្រាសាទ ក៏ដូចជារមណីយដ្ឋានដ៏មាន តម្លៃនិងសម្បូរបែប ព្រមទាំងភ្លក្សនូវរសជាតិម្ហូបអាហារបែបខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតនូវស្នាមញញឹម ការចងចាំ និងបន្តផ្សព្វផ្សាយសិល្បៈវប្បធម៌ និងទេសចរណ៍ទៅដល់គ្រប់ទិសទីលើសកលលោក ដែលនឹងរួមចំណែក ដល់កំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកជឿជាក់ថា ការរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ជាលើកទី២នេះអាចស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួម និងទស្សនាប្រាង្គប្រាសាទខ្មែរកាន់តែច្រើនឡើង បន្ថែមទៀតជាក់ជាពុំខាន។ ជាក់ស្ដែងព្រឹត្តិការណ៍កន្លងមក ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមនឹងប្រជាពលរដ្ឋខ្មែរ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនផងដែរ ប្រកបដោយភាពកក់ក្ដៅ និងស្នាមញញឹមដោយភាពរីករាយ អំឡុងពេលនៃដំណើរកម្សាន្តរបស់ពួកគេនៅទីនោះ។
លោករដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជាលើកទី២ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរ ទៅចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ «ស្នាមញញឹមនៃកម្ពុជា» ដែលនឹងត្រូវរៀបចំឡើង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសមាគមសិល្បករខ្មែរ អាជ្ញាធរខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ នឹងផ្តល់ឱកាសដ៏ល្អសម្រាប់បងប្អូនឱ្យបានឃើញ និងកាន់តែមានមោទនភាពលើសិល្បៈ វប្បធម៌ខ្មែរ ភ្លក្សនូវរសជាតិអាហារបែបខ្មែរដ៏សំបូរបែប ហើយក៏ជាឱកាសសំខាន់ដើម្បីរួមគ្នាជំរុញ និងលើកស្ទួយ សិល្បៈវប្បធម៌ ទេសចរណ៍ខ្មែរ ទាំងការការពារអភិរក្សវប្បធម៌។ សូមអញ្ជើញមកចូលរួមជាមួយយើងទាំងអស់គ្នាឱ្យបានកុះករ ដើម្បីបង្កើតភាពរីករាយ ផ្សព្វផ្សាយកេរដំណែលវប្បធម៌ដ៏ថ្លៃថ្នូររបស់យើង៕