(បរទេស)៖ កញ្ចប់ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ២០២៤ របស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft លោក Satya Nadella បានកើនឡើង ៦៣ភាគរយ ឈានដល់ចំនួនសរុប ៧៩.១លានដុល្លារ។ ការកើនឡើងនេះ ត្រូវបានគេរាយការណ៍ថា ស្របពេលដែលតម្លៃក្រុមហ៊ុនរបស់ Microsoft ហក់ឡើងខ្ពស់ដល់ទៅ ៣ពាន់ពាន់លានដុល្លារ ដែលជម្រុញដោយក្រុមហ៊ុនផលិត Chat GPT គឺ OpenAI ក្នុងការចេញផ្សាយនូវបញ្ញាសិប្បនិមិត្ត AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
ប្រភពបានបង្ហាញថា ក្នុងឆ្នាំ២០២៤ នេះ លោក Nadella ទទួលបានរង្វាន់ភាគហ៊ុនសរុបចំនួន ៧១ លានដុល្លារ ពោលគឺជាការកើនឡើងច្រើនបំផុត បើធៀបនឹង ៣៩លានដុល្លារ ដែលរកបានកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ទាំងរង្វាន់ភាគហ៊ុន ប្រាក់លើកទឹកចិត្ត និងបា្រក់ផ្សេងៗ (ខណៈរបាយការណ៍នៅមិនទាន់បង្ហាញលម្អិតនៅឡើយនោះទេ) បានរួមចំណែកដល់កញ្ចប់ប្រាក់បៀវត្សរ៍សរុបរបស់លោក Nadella ចំនួន ៧៩.១លានដុល្លារ ច្រើនជាងឆ្នាំមុន ដែលទទួលបានសរុបប្រហែល ៤៨.៥លានដុល្លារ។
បើទោះបីជាមានការកើនឡើងនៃរង្វាន់ភាគហ៊ុនក៏ដោយ ប៉ុន្តែប្រាក់លើកទឹកចិត្តរបស់លោក Nadella ក្នុងឆ្នាំ២០២៤ នេះហាក់មានការធ្លាក់ចុះ បើតាមរបាយការណ៍ពី Reuters ដដែលបានបង្ហាញថា លោក Nadella សម្រេចកាត់បន្ថយប្រាក់លើកទឹកចិត្តរបស់លោកប្រមាណ ៥.២លានដុល្លារ ធ្លាក់ចុះពីតម្លៃសរុប ១០.៧លានដុល្លារ បន្ទាប់ពីឧប្បត្តិហេតុសន្តិសុខតាមអ៊ីនធឺណិតជាច្រើនលើក។
គួរជម្រាបថា គិតមកទល់ពេលនេះ តម្លៃភាគហ៊ុនរបស់ Microsoft បានកើនឡើង ៣១.២ភាគរយ ដែលជម្រុញដោយក្រុមហ៊ុនដៃគូសហការ OpenAI។ យ៉ាងណាមិញក្នុងចំណោម CEO ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតនៅមិនទាន់មានការចេញផ្សាយពីកញ្ចប់បៀវត្សរ៍ប្រចាំឆ្នាំ២០២៤ នៅឡើយនោះទេ តែបើក្រឡេកទៅឆ្នាំ២០២៣ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook ទទួលបានសរុបចំនួន ៦៣.២លានដុល្លារ និងលោក Jensen Huang នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia ទទួលបានសរុបចំនួន ៣៤.២លានដុល្លារ ឃើញថា តិចជាងបើធៀបកញ្ចប់ប្រាក់បៀវត្សរ៍សរុបរបស់លោក Satya Nadella៕