(បរទេស)៖ ការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ០.៣% ខណៈពេលដែលគូប្រជែង Huawei បានកើនឡើង ៤២% ក្នុងរយៈពេលដូចគ្នានេះ។ សម្រាប់ទីផ្សារស្មាតហ្វូននៅពេលនេះ កំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំង ជាពិសេសស្មាតហ្វូនរបស់អាេមរិក និងចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
យោងតាមទិន្នន័យស្រាវជ្រាវពី IDC បានបង្ហាញនៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុន Apple ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងទីផ្សារប្រទេសចិន ជាមួយនឹងចំណែកទីផ្សារ ១៥.៦% ទោះបីជាធ្លាក់ចុះ ០.៥ %ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ខណៈដែលក្រុមហ៊ុន Huawei ទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយចំណែកទីផ្សារ ១៥.៣%។ Vivo ឈរនៅលេខ១ ដែលជាក្រុមហ៊ុនលក់ទូរស័ព្ទមានតម្លៃថោក មានចំណែកទីផ្សារ ១៨.៦%។ ងាកមកក្រុមហ៊ុន Huawei វិញត្រូវបានគេមើលឃើញថា បានឈានជើងចូលប្រឡូកកាន់តែខ្លាំងលើទីផ្សារស្មាតហ្វូន ត្បិតកាលពីឆ្នាំមុន ស្មាតហ្វូនស៊េរី Mate 60 ទទួលបានការគាំទ្រខ្លាំងតែម្តង។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានប្រជែងយកតំណែងរបស់ Apple ជាមួយនឹងម៉ូដែល Pura 70 ចុងក្រោយបំផុតរបស់ខ្លួន ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ។
ប្រការនេះធ្វើឲ្យ ក្រុមហ៊ុន Apple ប្រឈមមុខនឹងបញ្ហាចម្បងកាន់តែច្រើននៅក្នុងទីផ្សារប្រទេសចិន រួមទាំងការប្រកួតប្រជែងជាមួយក្រុមហ៊ុនស្មាតហ្វូនក្នុងការ និងការរឹតបន្តឹងលើការប្រើប្រាស់ iPhone ដោយភ្នាក់ងាររដ្ឋាភិបាលជាដើម៕