(បរទេស)៖ ប្រធានជាន់ខ្ពស់មួយរូបលោកស្រី Jacqueline Shi បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អាជីវកម្មក្រុមហ៊ុន Huawei Cloud នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលជំរុញដោយការគាំទ្រខ្លាំងពីវិស័យផ្សេងៗរួមទាំងរដ្ឋាភិបាល និងសេវាកម្មហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
Huawei Cloud គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud សកលដែលប្រតិបត្តិការនៅក្រោមក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិន និងជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ដំបូងគេដែលសាងសង់មជ្ឈមណ្ឌលទិន្នន័យក្នុងស្រុក «hyperscale» នៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០១៩។
លោកស្រី Jacqueline Shi ប្រធានក្រុមហ៊ុន Huawei Cloud Global Marketing and Sales Service បាននិយាយប្រាប់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកំពូលស្តីពីក្រុមហ៊ុន Cloud នៅក្នុងទីក្រុង Johannesburg ថា Huawei Cloud បានបម្រើអតិថិជនជា ១,០០០នាក់មកពីរដ្ឋាភិបាល សេវាកម្មហិរញ្ញវត្ថុ វិស័យអប់រំ និងទូរគមនាគមន៍ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចមួយចំនួន។ លោកស្រីបានបន្ថែមទៀតថា តម្រូវការសម្រាប់សមត្ថភាពល្បឿននៃប្រព័ន្ធកុំព្យូទ័រ មានការកើនឡើងលឿនជាងមុនពីក្រុមហ៊ុនអាហ្វ្រិកខាងត្បូង ហើយរដ្ឋាភិបាលបានទាក់ទាញប្រតិបត្តិករ Cloud ធំៗចូលមកវិនិយោគ។ «ជាមួយនឹងការគាំទ្រខ្លាំងបែបនេះ ពីអតិថិជនមកពីអាជីវកម្មផ្សេងៗគ្នា អាជីវកម្ម Cloud របស់យើងនៅអាហ្វ្រិកខាងត្បូង បានកើនឡើងច្រើនជាង ១៦ដងក្នុងរយៈពេល ៥ ឆ្នាំកន្លងមក»។
គួរជម្រាបថា ទីផ្សារ Cloud នៅអាហ្វ្រិកខាងត្បូង ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំប្រហែល ២៦ភាគរយ ចន្លោះឆ្នាំ២០២៣ និង ២០២៨ ដល់ ៦ពាន់លានដុល្លារ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Africa Analysis៕