(បរទេស)៖ អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានឱ្យដឹងថា ត្រកូល iPhone 16 ចំនួន ២ម៉ូដែលគឺ iPhone 16 និង iPhone 16 Plus កំពុងប្រឈមមុខនឹងតម្រូវការបញ្ជាទិញទាបជាងការរំពឹងទុក ខណៈ Apple ត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយការបញ្ជាទិញរហូតដល់១០លានគ្រឿងឯណោះ នៅចន្លោះពេលនេះ និងឆមាសទី១ ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
ការប៉ាន់ប្រមាណផលិតកម្មសរុបសម្រាប់ iPhone 16 ទាំង ៤ម៉ូដែលក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ឥឡូវនេះត្រូវបានគេរំពឹងទុកថានឹងកាត់បន្ថយមកត្រឹមចំនួន ៨០លានគ្រឿងប៉ុណ្ណោះ។ ពោលគឺ តិចជាងបើធៀបនឹងការព្យាករណ៍ការលក់ពីមុនមានចំនួន ៨៤លានគ្រឿង និងធ្លាក់ចុះប្រហែល ១០លានគ្រឿង បើធៀបនឹងចំនួនផលិតកម្មសម្រាប់ត្រកូល iPhone 15 កាលពីឆ្នាំមុនដែលមានចន្លោះពី ៩០ ទៅ ៩១លានគ្រឿង។ លើសពីនេះ ការព្យាករណ៍ពីលោក Kuo បង្ហាញថា ការផលិតអាចនឹងធ្លាក់ចុះបន្ថែមទៀតមកត្រឹម ៤៥លានគ្រឿងក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និង ៣៩លានគ្រឿងក្នុងត្រីមាសទី២ ឆ្នាំ២០២៥។
គួរជម្រាបថា បញ្ហាការលក់ធ្លាក់ចុះនេះ គឺប៉ះពាល់តែ iPhone 16 និង iPhone 16 Plus ប៉ុណ្ណោះ។ លោក Kuo ក៏បានរំលឹកនូវទស្សនវិស័យទុទិដ្ឋិនិយមរបស់លោកទាក់ទងនឹងសក្តានុពលនៃ Apple Intelligence ផងដែរ។ លោកគូសបញ្ជាក់ថា បច្ចេកវិទ្យា AI ដែល Apple ត្រៀមបញ្ចេញក្នុងពេលឆាប់ៗខាងមុខនេះ នឹងមិនអាចមកស្រោចស្រង់ការលក់របស់ iPhone 16 បាននោះទេ៕