(ភ្នំពេញ)៖ បន្ទាប់ពីផលិតយ៉ាងយកចិត្តទុកដាក់ ក្រោមការគ្រប់គ្រងចុះដោយផ្ទាល់ពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បទ «កឋិនសាមគ្គីមហាគ្រួសារខ្មែរ» ច្រៀងរួមគ្នាដោយតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, ខេម, តន់ ចន្ទសីម៉ា និងខាន់ ជេមស៍ បានចេញ Official MV ផ្លូវការហើយ ខណៈត្រឹមតែ៨ម៉ោង មានអ្នកទស្សនាជាង១លានដងទៅហើយលើផេកផ្លូវការផលិតកម្ម Galaxy Navatra។
វីដេអូចម្រៀងខាងលើមានអ្នកចូលរួមសម្ដែងពីតារាជើងចាស់ប្រុសស្រីជាច្រើនរូបដូចជា នាយកុយ, នាយក្រឹម, ចាន់ តារាទី, ស្វែង សុជាតា, លោក ហម ឈរ៉ា លោក សាហ្វីន ហ្វីលីព ជាដើម និងអមដោយក្រុមសាលាវិចិត្រសិល្បៈ និងតារាសម្តែងជំនាន់ក្រោយរាប់ពាននាក់ទៀត ដែលធ្វើឲ្យបទចម្រៀង១បទនេះ មានភាពទាក់ទាញ។
ជាការចាប់អារម្មណ៍ ហើយកម្រនឹងឃើញ តារាចម្រៀងទាំង៥រូប បានគ្រងសំលៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត មើលទៅពិតជាមានភាពទាក់ទាញជាខ្លាំង ក្នុងសាច់រឿងហែរកឋិនទាននេះ។
ផលិតកម្ម Galaxy Navatra ផលិតបទ «កឋិនសាមគ្គីមហាគ្រួសារខ្មែរ» ត្រូវបានគេដឹងថា សម្រាប់ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេច លោកគ្រោងដង្ហែអង្គកឋិនទាន ជាប្រវត្តិសាស្រ្តទៅវត្តខ្មែរក្រោម នាដើមខែ វិច្ឆិការ ខាងមុខនេះ។
បទ «កឋិនសាមគ្គីមហាគ្រួសារខ្មែរ» ត្រូវបានគ្រប់គ្រងការផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ និងផ្តួចផ្តើមការផលិតដោយលោក ហុឹម សុភា (នភា) អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហុី វីរៈ ។
នេះជាការផលិតច្រៀងប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលផលិតកម្មមួយនេះ ផលិតឡើងសម្រាប់ជាតិ បន្ទាប់ពីបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» បទ «ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»។ បទចម្រៀងទាំង៣នេះ សុទ្ធតែតារាចម្រៀង ទាំង៥រូបច្រៀងរួមគ្នាទាំងអស់ ហើយការផលិតបទចម្រៀងមួយបទៗ ត្រូវបានគេមើលឃើញថា ចំណាយច្រើន ។
សូមបញ្ជាក់ថា អង្គកឋិនទាន ដែលផ្ដួចផ្ដើម ដោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលចូលរួមដោយផ្ទាល់ ដោយសម្ដេចទាំងពីរ។
សម្តេចតេជោ ធ្លាប់បានលើកឡើងថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។
ជាថ្មីម្តងទៀត សម្តេចតេជោ បានបញ្ជាក់ទៀតថា បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែន ឆ្លងប្រទេស។
មហាជនរំពឹងថា តាមរយៈបទ «កឋិនសាមគ្គីមហាគ្រួសារខ្មែរ» ដែលផលិតដោយ Galaxy Navatra ខាងលើនេះ នឹងជម្រុញឲ្យ អង្គកឋិនទានជាប្រវត្តិសាស្រ្តទទួលបានការគាំទ្រច្រើនពីមហាជនជាក់ជាមិនខាន ស្របពេលដែលប្រទេសកម្ពុជា ដល់រដូវគ្រប់វត្តអារាម កំពុងតែប្រារព្ធបុណ្យកឋិនទានផងនោះ៕