(ភ្នំពេញ)៖ កម្មវិធីប្រកួតសម្រស់ និងផ្សព្វផ្សាយលំដាប់អន្តរជាតិ «World Miss University Cambodia» បានវិលត្រឡប់មកវិញហើយ បន្ទាប់ពីខកខានអស់រយៈពេល៧ឆ្នាំ និងកំពុងតែត្រៀមជ្រើសរើសបេក្ខភាពតំណាងកម្ពុជា ដើម្បីប្រកួតប្រជែងលក្ខណៈអន្តរជាតិទៀតផង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ លោក គីម ជីនអ៊ុក ប្រធានគណៈកម្មការរៀបចំការប្រកួត បវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោកទាំងថ្នាក់ជាតិ និងអន្តរជាតិ បានថ្លែងថា WORLD MISS UNIVERSITY គឺជាកម្មវិធីបង្កើតឡើងតាំងពីឆ្នាំ១៩៨៦ ដោយអង្គការសហប្រជាតិ ដើម្បីរំឭកដល់ទិវាសន្តិភាពពិភពលោក និងការបង្កើតក្រុមបេសកកម្មនិស្សិតពិភពលោកដើម្បីសន្តិភាព។
លោកបន្តថា ដូចគ្នានេះដែរ ដោយផ្អែកតាមអត្ថន័យនៃកម្មវិធី លោកយល់ឃើញថា នេះគឺជាឱកាសដ៏ពិសេសសម្រាប់ផ្សព្វផ្សាយកម្ពុជាអច្ឆរិយៈរបស់យើង ទៅកាន់ពិភពលោកទាំងមូល។ មុននឹងចាប់ផ្តើមកម្មវិធីប្រកួតថ្នាក់អន្តរជាតិ យើងក៏មានកម្មវិធីប្រកួតថ្នាក់ជាតិ ដែលចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ខែតុលា ដែលជាថ្ងៃផ្តាច់ព្រ័ត្រ ហើយពួកយើងបានបើកកម្មវិធីដោយ មានការថ្វាយផ្កានៅមុខរូបសំណាកព្រះបាទនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» ជាកិច្ចបើកកម្មវិធី។
លោកថ្លែងថា «តាមរយៈកម្មវិធីនេះ ខ្ញុំជឿជាក់ថា បេក្ខនារីដែលមកពីបណ្តាសាកលវិទ្យាល័យដែលមកចូលរួមប្រលងប្រកបដោយជំនឿចិត្ត និងបង្ហាញឲ្យពិភពលោកបានឃើញពីការចែករម្លែកសេចក្តីស្រលាញ់ប្រកបដោយសន្តិភាព ប្រកាសទៅពិភពលោកទាំងមូល»។
ឆ្លងតាមរយៈការជ្រើសរើសយ៉ាងល្អិតល្អន់ពីគណៈកម្មការទាំង ៦រូបរួចមក បានសង្កេតឃើញថា បេក្ខនារីទាំងអស់ ពិតជាមានសម្រស់ ជាពិសេសចំណេះដឹងទូលំទូលាយ ដែលពោរពេញទៅដោយសមត្ថភាព ពិតជាស័ក្តិសមជាបេក្ខភាពប្រកួតបវរកញ្ញាឯកសកលព្យាល័យពិភពលោកនៅកម្ពុជាឆ្នាំ២០២៤ ហើយសង្ឃឹមថាបេក្ខនារីទាំងអស់ នឹងព្យាយាមបញ្ចេញសមត្ថភាព និងនាំយកនូវវប្បធម៌អរិយធម៌របស់ខ្មែរ ចូលទៅកាន់ឆាកអន្តរជាតិ។
លោក គីម ជីនអ៊ុក បានថ្លែងសង្កត់ធ្ងន់ថា បានជាលោកជ្រើសរើសប្រទេសកម្ពុជាដើម្បីធ្វើការប្រកួតកម្មវិធីបបរកញ្ញាឯសាកលវិទ្យាល័យកម្ពុជា ២០២៤នេះដោយសារតែលោករស់នៅប្រទេសកម្ពុជាអស់រយៈពេល ២០ឆ្នាំមកហើយ និងបានសង្កេតឃើញថា ប្រទេសកម្ពុជាពោរពេញទៅដោយសន្តិភាព និងការរីកចម្រើនឥតឈប់ឈរ។ កម្មវិធីនេះ គឺធ្លាប់ចាប់ផ្ដើមកាលពីឆ្នាំ២០១៧ ម្ដងរួចមកហើយ ក៏ប្រកបទៅដោយភាពជោគជ័យផងដែរ តែដោយសារជំងឺកូវីដ-១៩ ទើបពេលនេះលោកស្នើសុំសិទ្ធិមករៀបចំសារជាថ្មីម្តងទៀត។
លោកបានសំណូមពរ និងជឿជាក់ដល់ប្រជាជនខ្មែរទាំងអស់ទាំងក្នុង និងក្រៅប្រទេសចូលរួមគាំទ្រ កម្មវិធីនេះឲ្យបានច្រើនកុះករ ជាពិសេសនឹងមកចូលរួមទសនាដោយផ្ទាល់ ដើម្បីបង្កឲ្យកម្មវិធីនេះកាន់តែមានភាពអធិកអធម។
សូមបញ្ជាក់ថា បេក្ខនារីដែលមានលក្ខណៈសម្បត្តិបីយ៉ាងដែលអាចជាម្ចាស់ជ័យលាភីតំណាងឲ្យប្រទេសកម្ពុជានោះ គឺជាបុគ្គលដែលពោរពេញទៅដោយ សីលធម៌ គុណធម៌ និងចំណេះដឹង។
កម្មវិធីប្រកួតថ្នាក់ជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា នាពេលខាងមុខនេះហើយសម្រាប់កម្មវិធីថ្នាក់អន្តរជាតិវិញ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រ៕