(ម៉ាឌ្រីដ)៖ FC Barcelona បានបំបាក់គូប្រជែងដែលជាក្រុមខ្លាំង Real Madrid ៤ទល់នឹង០ នៃជំនួប El Clasico នៅរាត្រីឆ្លងចូលព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា (ម៉ោងនៅកម្ពុជា) ដើម្បីបង្កើនការនាំមុខកំពូលតារាង La Liga ដាច់ ៦ពិន្ទុផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធ Robert Lewandowski រកបាន ២គ្រាប់ម្នាក់ឯងត្រឹមរយៈពេល ៣នាទីប៉ុណ្ណោះក្នុងកីឡដ្ឋាន Santiago Bernabeu នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៨ម៉ឺននាក់។ ២គ្រាប់បន្ថែមនេះដែរ បានធ្វើឱ្យប្រធានក្រុមជម្រើសជាតិប៉ូឡូញរូបនេះ កើនបាន ១៧គ្រាប់ផងដែរជាមួយអ្នកមានបុណ្យនារដូវកាលនេះ។
សម្រាប់ ១៣នាទីដែលនៅសល់ ក្រោយពេលបញ្ចប់លទ្ធផលស្មើគ្នានៃវគ្គទី១ មិត្តរួមក្រុម Lamine Yamal និង Raphinha បានរួមចំណែករកបានម្នាក់ ១គ្រាប់ និងការពារជាប់មិនឱ្យក្រុមការពារតំណែងជើងឯកវាយបកបាន ១គ្រាប់ឡើយ ទោះលេងក្នុងទឹកដីរបស់ខ្លួនក្តី ក្នុងសប្តាហ៍ទី១១ ជើងទី១ នេះ។
៣ពិន្ទុដោយស្រួលក្រៅដីនេះដែរ បានធ្វើឱ្យ Barcelona ដែលដាច់ ១០ពិន្ទុក្នុងលីគ La Liga រដូវកាលមុន រកបាន ៣០ពិន្ទុពី ១១ប្រកួត ដ្បិតគ្រូបង្វឹកថ្មីសញ្ជាតិអាល្លឺម៉ង់ លោក Hansi Flick នៃរដូវកាលដំបូងរបស់លោកនៅ Camp Nou បានប្រើប្រាស់ស្ទើរតែកីឡាករក្មេងៗក្នុងជម្រើស ១១នាក់ដំបូង៕