(រីយ៉ាដ)៖ លោក Harve Renard ត្រូវបានតែងតាំងដឹកនាំក្រុមប្រទេសម្ចាស់ផ្ទះ World Cup 2034 គឺអារ៉ាប៊ីសាអូឌីត ដើម្បីជំនួសកៅអីគ្រូបង្វឹកអ៊ីតាលី លោក Roberto Mancini ដែលបានលាឈប់។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិបារាំងខាងលើ ដែលធ្លាប់ដឹកនាំអារ៉ាប៊ីសាអូឌីតលើកដំបូងចាប់ពីខែកក្កដា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣ នោះ នឹងដឹកនាំប្រទេសសំបូរប្រេងមួយនេះ ប្រកួតទល់នឹងម្ចាស់ផ្ទះអូស្រ្តាលី ក្នុងវគ្គជម្រុះ World Cup 2026 ជាបន្ត និងជា ១ប្រកួតសម្រាប់លោកដែរ ក្នុងការដឹកនាំអារ៉ាប៊ីសាអូឌីតជាលើកទី២។
តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម X របស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា «ខ្ញុំត្រឡប់មកវិញហើយ។ ខ្ញុំមិនដែលមានបំណងចាកចេញទេ ក៏ប៉ុន្តែនៅពេលប្រទេសរបស់អ្នកឈានដល់មាត់ជ្រោះ អ្នកត្រូវតែឆ្លើយតប។ នៅពេលនេះ ខ្ញុំមិនទាន់បានបញ្ចប់រឿងរ៉ាវផ្សេងៗជាមួយអារ៉ាប៊ីសាអូឌីតនៅឡើយទេ»។
ស្នាដៃសំខាន់របស់លោក Renard វ័យ ៥៦ឆ្នាំរូបនេះ ធ្លាប់បានដឹកនាំអារ៉ាប៊ីសាអូឌីតលេងឈ្នះក្រុមជើងឯក អាហ្សង់ទីន នៅ World Cup 2022 នៃវគ្គសន្សំពិន្ទុ មុនពេលលាឈប់ទៅដឹកនាំក្រុមជម្រើសជាតិស្រ្តីបារាំងលេងនៅ Summer Olympics 2024 នាអំឡុងខែកក្កដា និងសីហាកន្លងទៅ៕